យន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 777-200 ផ្ទុកមនុស្សចំនួន២៣៩នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីមានជើងហោះហើរ MH-370 ដែលបាត់ខ្លួនកាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ អស់រយៈពេលជាង៣ឆ្នាំហើយ គឺរកមិនទាន់ឃើញស្រមោល ឬបំណែកយន្តហោះណាមួយនៅឡើយ ទោះបីពិភពលោកមានបច្ចេកវិទ្យាទំនើបក្នុងការរុករកយ៉ាងណាក៏ដោយ ។
ដោយឡែក កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ គឺនាវាមុជទឹកដើរដោយថាមពលអគ្គិសនីរបស់កងទ័ពជើងទឹកប្រទេសអាហ្សង់ទីនមួយគ្រឿងឈ្មោះ ARA San Juan (S-42) ជាមួយនឹងនាវិកចំនួន៤៤នាក់ បានបាត់ខ្លួនអស់រយៈពេល១០ថ្ងៃហើយ រកមិនទាន់ឃើញនៅឡើយ ខណៈកងកម្លាំងទាហានជើងទឹកអាហ្សង់ទីនដាក់ការសង្ស័យថា នាវាមុជទឹកនោះអាចរងការផ្ទុះ ។
លោក Mauricio Macri ប្រធានាធិបតីប្រទេសអាហ្សង់ទីនបានថ្លែងថា «ជាហេតុការណ៍លំបាកខ្លាំងណាស់សម្រាប់យើង ជាពិសេសក្រុមក្រុមនាវិកទាំង៤៤នាក់ ហើយវាបានបង្កើតជាការងឿងឆ្ងល់ តើនាវាមុជទឹកដែលទើបធ្វើទំនើបកម្មរួចរាល់អាចផ្ទុះទៅរួចដែរឬទេ ?» ។ ទន្ទឹមនឹងនេះដែរ លោកប្រធានាធិបតីអាហ្សង់ទីនក៏បានដាក់បញ្ជាឲ្យមានការស្រាវជ្រាវរុករកដោយម៉ត់ចត់បំផុត ។
នាវាមុជទឹកដើរដោយថាមពលអគ្គិសនីឈ្មោះ ARA San Juan (S-42) ជានាវាមុជទឹកជំនាន់ទី៥របស់ប្រទេសអាហ្សង់ទីន មានប្រវែង៦៥,៩៣ម៉ែត្រ ទទឹង៨,៣៦ម៉ែត្រ ផលិតដោយបច្ចេកវិទ្យាអាល្លឺម៉ង់នាឆ្នាំ១៩៨៣ និងដាក់ឲ្យដំណើរការប្រើប្រាស់នាឆ្នាំ១៩៨៥ ព្រមទាំងបានធ្វើទំនើបកម្មបន្ថែមនៅឆ្នាំ២០០៨-២០១៣ ដោយប្រើប្រាស់ថវិកាអស់ប្រមាណ១២,៤លានដុល្លារអាមេរិក ។
ក្រុមអ្នកវិភាគព្រឹត្តិការណ៍អន្តរជាតិមួយចំនួនបានលើកឡើងក្រៅផ្លូវការថា យន្តហោះ Boeing 777-200 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីមានជើងហោះហើរ MH370 ផ្ទុកមនុស្សចំនួន២៣៩នាក់ ដែលបាត់ខ្លួនអស់រយៈពេលជាង៣ឆ្នាំរកមិនទាន់ឃើញនៅឡើយនោះ គឺមានវត្តមានអ្នកបច្ចេកវិទ្យាខាងអាវុធនុយក្លេអ៊ែរនៅក្នុងយន្តហោះនោះ ។ ដូច្នេះ យន្តហោះនោះអាចបាត់ខ្លួនដោយមានគេរៀបគម្រោងការធ្វើឲ្យបាត់ដើម្បីសម្រេចគោលបំណងទទួលយកអ្នកបច្ចេកវិទ្យាខាងអាវុធនុយក្លេអ៊ែរមកប្រើប្រាស់ រីឯមនុស្សផ្សេងៗទៀតក្នុងយន្តហោះត្រូវបានសម្លាប់ជាមួយនឹងហេតុការបាត់ខ្លួនយន្តហោះ ។
ទោះយ៉ាងណាក៏ដោយ ការបាត់ខ្លួនយន្តហោះដឹកអ្នកដំណើរប្រភេទ Boeing 777-200 ផ្ទុកមនុស្សចំនួន២៣៩នាក់ របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីជើងហោះហើរ MH370 កាលពីជាង៣ឆ្នាំមុន និងការបាត់ខ្លួននាវាមុជទឹក ARA San Juan (S-42) ជាមួយនឹងនាវិកចំនួន៤៤នាក់ របស់កងទ័ពជើងទឹកប្រទេសអាហ្សង់ទីនកាលពី១០ថ្ងៃមុនដែលរកមិនទាន់ឃើញនេះ គឺជាការបាត់បង់ដ៏អាថ៌កំបាំងបំផុតនៅលើពិភពលោក ៕