ថ្ងៃ អង្គារ ទី ២៥ ខែ មិថុនា ឆ្នាំ ២០១៩

ឡើង​ទាំង​ផ្កាយ ឡើង​ទាំង​ថ្នាក់​ឧ​ត្ត​ម​មន្ត្រី ! ចៅហ្វាយខេត្ត​ព្រះសីហនុ​ទទួលបាន​ការ​ដំឡើង​ផ្កាយ​៣​ក្នុង​ក្របខ័ណ្ឌ​ទាហាន និង​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់

យោងតាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទ្រង់​បាន​ត្រាស់បង្គាប់​ដំឡើង​ថ្នាក់​តាម​កម្រិត​សញ្ញាបត្រ​ក្នុង​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​ដល់​ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​២ មក​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​១ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៧៦៨ ចុះ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៧ និង​ដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ឯក (​ផ្កាយ​៣) ដល់​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ យន្ត មីន នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០៩៥៣ ដំណាលគ្នា​នឹង​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុន ចាន់​ដា នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ អត្តលេខ​០២១២៣២ និង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះវិហារ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៧៧៤ ចុះ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៧ ។

​ក្នុងនាម​ជា​ឧ​ត្ត​ម​មន្ត្រី​នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ឯកឧត្តម យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ទទួលបាន​ការដំឡើង​ថ្នាក់​ជា​ករណី​ពិសេស (​ផ្លោះ​ថ្នាក់​) ពី​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ មក​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​២ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១១១៦/១០២២ ចុះ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦ ។

​ដោយឡែក ក្នុង​ក្របខ័ណ្ឌ​នាយទាហាន​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ អត្តលេខ​០០០៩៥៣ ឯកឧត្តម យន្ត មីន ទទួលបាន​ការដំឡើង​ឋានន្តរស័ក្តិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ (​ផ្កាយ​២) ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១៦/៦១៩ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ គឺ​ក្រោយពេល​ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ប្រមាណ​១​ឆ្នាំ ។

​លោក​ឧ​ត្ត​ម​សេនីយ៍ យន្ត មីន អតីត​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តកោះកុង ត្រូវបាន​ផ្ទេរ​ក្របខ័ណ្ឌ​ពី​នាយទាហាន​នៃ​កងយោធពល​ខេមរភូមិន្ទ​ក្រសួងការពារជាតិ​ចូលមកក្នុង​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​វិញ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៥៩៥​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ និង​ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​មាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៥/៨០៧ ចុះ​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៥ ។

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក យន្ត មីន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​មានកូន​ប្រុស​ម្នាក់​ជា​មន្ត្រីនគរបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​អត្តលេខ​៥៩៨៦៧ គឺ​លោក​វរសេនីយ៍ឯក មីន រស្មី ជា​ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង ទទួល​ផែន​ប្រឆាំង​បទល្មើស (​អតីត​ជា​អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​) ដែល​ល្បី​ជាប់​ឈ្មោះថា «១​ឆ្នាំ​ឡើង​ស័ក្តិ​៣​ថ្នាក់​» ។

​លើសពីនេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក យន្ត មីន ក៏មាន​កូនប្រុស​ម្នាក់ទៀត​ជា​ប្រធាន​សាលាដំបូង​ខេត្តកោះកុង គឺ​លោក​ចៅក្រម មីន មករា អនុ​ចៅក្រម​ថ្នាក់​លេខ​២ និង​ត្រូវជា​បងប្រុស​លោក​ស័ក្តិ​៥​ប៉ូលិស មីន រស្មី ។ លោក មីន មករា ជា​សិស្ស​ចៅក្រម​ជំនា​ន់ទី​៣​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ ទទួលបាន​ការតាំង​ស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តកោះកុង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១០/៨៣៣ ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១០ និង​ក្រោយមក​ទទួលបាន​ការតែងតាំង​ជា​អនុប្រធាន​សាលាដំបូង​ខេត្តកោះកុង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៧១៥/៧៣៣ ចុះ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ ។ រយៈពេល​ជាង​១​ឆ្នាំក្រោយ​មកទៀត លោក​ចៅក្រម មីន មករា ទទួលបាន​ការតែងតាំង​ជា​ប្រធាន​សាលាដំបូង​ខេត្តកោះកុង ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២៤៦ ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ។ មានន័យថា អស់​រយៈពេល​ជិត​៩​ឆ្នាំ​ហើយ លោក​ចៅក្រម មីន មករា បម្រើ​ការងារ​នៅ​សាលាដំបូង​ខេត្តកោះកុង​តាំងពី​ជា​ចៅក្រម​កម្មសិក្សា​រហូតដល់​ទទួល​តំណែង​ជា​ប្រធាន​សាលាដំបូង​ខេត្តកោះកុង​តែម្តង ដោយ​មិនមាន​ការផ្លាស់ប្តូរ​ទីតាំង​បម្រើ​ការងារ​ឡើយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.