ក្រោមការអះអាងថា យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាលកម្ពុជា គឺមេទាហាន និងមេប៉ូលិសចំនួន១៦នាក់ ដែលពាក់ផ្កាយសរុបចំនួន៤៩ផ្កាយនៅលើស្មាម្ខាងៗ ក្នុងនោះមានកូនប្រុសរបស់សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើទាហានថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ចំនួន២នាក់ផង ត្រូវបានរាជរដ្ឋាភិបាលដាក់ឲ្យឋិតនៅក្នុងក្រុមការងារការពារសន្តិសុខ សុវត្ថិភាពរបស់បុរសខ្លាំង និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ភរិយាបុរសខ្លាំង ប្រធានកាកបាទក្រហមកម្ពុជានៅគ្រប់គោលដៅប្រារព្ធពិធីផ្សេងៗទាំងអស់ ដោយសេចក្តីសម្រេចលេខ៩៣សសរ ចុះថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ។
មេទាហាន-ប៉ូលិសទាំង១៦នាក់ ដែលឋិតក្នុងក្រុមការងាររៀបចំកិច្ចការសន្តិសុខ សុវត្ថិភាពជូននាយករដ្ឋមន្ត្រី និងភរិយានោះ រួមមាន ៖
១-ឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាប្រធាន
២-ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការនៃបញ្ជាការដ្ឋានកងអង្គរក្ស និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាអនុប្រធាន
៣-ឯកឧត្តមនាយឧត្តមសេនីយ៍ ហ៊ុយ ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាអនុប្រធាន
៤-ឯកឧត្តមនាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ជាអនុប្រធាន
៥-ឯកឧត្តមនាយឧត្តមសេនីយ៍ មួន សារ៉ន ទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី និងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជាអនុប្រធាន
៦-ឯកឧត្តមឧត្តមសេនីយ៍ឯក ចៅ តុល នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី នាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងបញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក
៧-លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាសមាជិក
៨-ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ចក្រសួងការពារជាតិ ជាសមាជិក
៩-ឯកឧត្តម ហ៊ុន ស៊ីថា នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី ជាសមាជិក
១០-លោកឧត្តមសេនីយ៍ឯក អ៊ុង សារិទ្ធ នាយរងសេនាធិការចម្រុះនៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក
១១-លោកឧត្តមសេនីយ៍ឯក នន់ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាសមាជិក
១២-លោកឧត្តមសេនីយ៍ឯក វិសុទ្ធ សំបូរ មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក
១៣-លោកឧត្តមសេនីយ៍ឯក មែ សារឿន មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស ជាសមាជិក
១៤-លោកឧត្តមសេនីយ៍ឯក ភោគ ចន្ថា មេបញ្ជាការរងនៃបញ្ជាការដ្ឋានអង្គរក្ស និងជាមេបញ្ជាការការពារគោលដៅទីស្តីការគណៈរដ្ឋមន្ត្រី ជាសមាជិក
១៥-លោកឧត្តមសេនីយ៍ឯក អន សារិទ្ធ មេបញ្ជាការរងបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម ជាសមាជិក
១៦-លោកឧត្តមសេនីយ៍ទោ អ៊ុង ជំនោរ ប្រធានក្រុមបច្ចេកទេសរុករកជាតិផ្ទុះកែច្នៃ (IED) ជាសមាជិក ។
ក្រុមការងារចុះរៀបចំកិច្ចការសន្តិសុខ សុវត្ថិភាពតាមគោលដៅប្រារព្ធពិធីក្នុងព្រះរាជាណាចក្រកម្ពុជានេះមានភារកិច្ច ៖-ចុះគ្រប់គោលដៅប្រារព្ធពិធីផ្សេងៗរបស់នាយករដ្ឋមន្ត្រី និងភរិយា ។ -ដឹកនាំបញ្ជា និងសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងអាជ្ញាធរដែនដីលើការងារសន្តិសុខ សុវត្ថិភាព ។ -ដោះស្រាយ និងទប់ស្កាត់រាល់បញ្ហាដែលកើតមានឡើងដោយយថាហេតុក្នុងកម្មវិធីនីមួយៗ ។ -បំពេញភារកិច្ចផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងកិច្ចការសន្តិសុខ សុវត្ថិភាពជូនដល់នាយករដ្ឋមន្ត្រី និងភរិយា ៕