យោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនោះ នាយកខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ (ក្នុងនាមតាមបញ្ជារដ្ឋមន្ត្រី) បានចេញលិខិតផ្លូវការលេខ៤២៨៦មស.រប ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧គោរពជូនថ្នាក់ដឹកនាំក្រសួង (រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ) នាយកសាលាភូមិន្ទរដ្ឋបាល អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន ប្រធានមជ្ឍមណ្ឌល និងប្រធានមន្ទីរមុខងារសាធារណៈរាជធានី-ខេត្ត ស្នើឲ្យមានការប្រើប្រាស់កាលបរិច្ឆេទថ្មីនូវរាល់លិខិតរដ្ឋបាលប្រចាំថ្ងៃមានការឯកភាពគ្នា ពោលគឺមានកាលបរិច្ឆេទគ្រិស្តសករាជផង និងមានពុទ្ធសករាជផង ។
លិខិតរបស់ខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈស្តីពីការប្រើប្រាស់កាលបរិច្ឆេទថ្មីនៅលើលិខិតរដ្ឋបាលនោះ ក៏បានបង្ហាញនូវទម្រង់កាលបរិច្ឆេទគំរូជាឧទាហរណ៍ច្បាស់លាស់ផងដែរ ។
តាមការកត់សម្គាល់កន្លងមក ក្រៅពីចុតហ្មាយ និងព្រះសង្ឃប្រកាសមួយចំនួនរបស់សម្តេចព្រះមហាសង្ឃរាជបានបង្ហាញថា ការប្រើប្រាស់កាលបរិច្ឆេទជាគ្រិស្តសករាជផង និងជាពុទ្ធសករាជផងនៅលើលិខិតរដ្ឋបាលដើម្បីរក្សានូវអត្តសញ្ញាណខ្មែរនោះ គឺមានឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ធ្លាប់អនុវត្តតាំងពីនៅកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ) តែមួយរូបគត់ដែលបានណែនាំឲ្យមន្ត្រីក្រោមឱវាទអនុវត្តរបៀបដូច្នេះ ។ ក្រោយមក ក៏មានស្ថាប័នតុលាការសាលាដំបូងមួយចំនួនក៏បានអនុវត្តដូចគ្នានេះដែរ រួមមាន ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រៃវែងជាដើម ។
មជ្ឈដ្ឋានអ្នកច្បាប់ និងអ្នកវិភាគឯករាជ្យនៅកម្ពុជាបានលើកឡើងថា ការប្រើប្រាស់កាលបរិច្ឆេទទាំងគ្រិស្តសករាជ ទាំងពុទ្ធសករាជនៅលើលិខិតរដ្ឋបាលទុកជាគំរូល្អបែបនេះ គប្បីរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជាប្រមុខដាក់បញ្ញត្តិនៅក្នុងអនុក្រឹត្យបង្គាប់ឲ្យប្រើប្រាស់ក្នុងក្របខ័ណ្ឌគ្រប់ស្ថាប័នរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជាតែម្តងទៅទើបជាការប្រសើរ មានភាពទូលំទូលាយ មានការឯកភាពគ្នា និងមាននិរន្តរភាពផង ៕