កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានសម្រេចអនុញ្ញាតឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជាទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីផ្ទេរឥណទានថវិកាចំនួន២០០លានរៀល ពីជំពូក៦០ (ការទិញ) មកជំពូក៦១ (សេវាកម្ម) ជូនអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើភណ្ឌ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់រៀបចំកម្មវិធី Data Base Software ដើម្បីគ្រប់គ្រងទិន្នន័យបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ។
គួរបញ្ជាក់ជូនដែរថា ចាប់តាំងពីដាក់ឲ្យដំណើរការសេដ្ឋកិច្ចទីផ្សារសេរីមក ទ្រព្យសម្បត្តិរដ្ឋជាច្រើនត្រូវបានរាជរដ្ឋាភិបាលកម្ពុជាលក់ដូរឲ្យក្លាយទៅជាទ្រព្យសម្បត្តិឯកជនរហូតដល់ពេលរដ្ឋត្រូវការទើបត្រឡប់ទៅទិញពីឯកជនមកវិញ ៕