នាវាមុជទឹកមួយគ្រឿងដើរដោយថាមពលអគ្គិសនីរបស់កងទ័ពជើងទឹកប្រទេសអាហ្សង់ទីនឈ្មោះ ARA San Juan (S-42) បានបាត់ខ្លួនពីសញ្ញារ៉ាដានៅចម្ងាយប្រមាណ៤៣២គីឡូម៉ែត្រពីឆ្នេរសមុទ្រអាហ្សង់ទីនកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅ ជាមួយនឹងក្រុមនាវិកចំនួន៤៤នាក់រកមិនទាន់ឃើញនៅឡើយ ខណៈក្រុមរុករកជាច្រើនប្រទេសកំពុងបើកប្រតិបត្តិការស្វែងរកយ៉ាងសកម្ម ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កងទ័ពជើងទឹកសហរដ្ឋអាមេរិកក៏បានបញ្ជូននាវាទី២របស់ខ្លួនបំពាក់ដោយឧបករណ៍ទំនើបពិសេសចូលរួមស្វែងរកនាវាមុជទឹកអាហ្សង់ទីនដែលបាត់ខ្លួននោះផងដែរ ជាមួយក្រុមរុករកមកពីបណ្តាប្រទេសជាច្រើនទៀត ។
ព័ត៌មានពីផ្កាយរណបបានបង្ហាញកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅថ្មីៗបញ្ជាក់នូវតម្រុយចាប់បានពាក់ព័ន្ធនឹងនាវាមុជទឹកបាត់ខ្លួននៅក្បែរឧបទ្វីប Valdez ។ ជាមួយគ្នានេះ យន្តហោះស្រាវជ្រាវ P-3 Orion របស់អង្គការ NASA ក៏ត្រូវបានយកមកប្រើប្រាស់ដើម្បីចាប់យកសញ្ញាពីតំបន់តម្រុយផ្តល់ដោយផ្កាយរណបនោះ ប៉ុន្តែមិនទទួលបានជោគជ័យនៅឡើយ ។
កងកម្លាំងទាហានជើងទឹករបស់ប្រទេសអាហ្សង់ទីនបានបញ្ជាក់ឲ្យដឹងថា នាវាមុជទឹកដែលបាត់ខ្លួននោះ មានចំណីអាហារ ទឹក និងអុកស៊ីហ្សែនគ្រប់គ្រាន់ដែលអាចផ្គត់ផ្គង់ក្រុមនាវិកក្នុងនាវាបានរហូតដល់ទៅរយៈពេល២សប្តាហ៍ ។
នាវាមុជទឹកដើរដោយថាមពលអគ្គិសនីឈ្មោះ ARA San Juan (S-42) ជានាវាមុជទឹកជំនាន់ទី៥របស់ប្រទេសអាហ្សង់ទីន មានប្រវែង៦៥,៩៣ម៉ែត្រ ទទឹង៨,៣៦ម៉ែត្រ ផលិតដោយបច្ចេកវិទ្យាអាល្លឺម៉ង់នាឆ្នាំ១៩៨៣ និងដាក់ឲ្យដំណើរការប្រើប្រាស់នៅឆ្នាំ១៩៨៥ ព្រមទាំងបានធ្វើទំនើបកម្មបន្ថែមនៅឆ្នាំ២០០៨-២០១៣ ដោយប្រើប្រាស់ថវិកាអស់ប្រមាណ១២,៤លានដុល្លារអាមេរិក ៕