អនុប្រធាន និងជាលេខាធិការនៃលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែននៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី គឺលោកជំទាវ កុយ ពិសី ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលនៅទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបានការដំឡើងថ្នាក់ពីវរមន្ត្រីថ្នាក់លេខ២ មកវរមន្ត្រីថ្នាក់លេខ១ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ១១៦០អនក្រ.តត ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ។
លោកស្រី កុយ ពិសី ធ្លាប់ទទួលបានការតែងតាំងជាជំនួយការអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន មានឋានៈស្មើអគ្គនាយករង ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៥២៥អនក្រ.តត ចុះថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០០៤ ។ ក្រោយមកលោកស្រី ក៏ទទួលបានការតែងតាំងជាលេខាធិការនៃលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន ។
តមកទៀត លោកជំទាវ កុយ ពិសី ទទួលបានការតែងតាំងជាអនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ទទួលបន្ទុករដ្ឋបាល និងហិរញ្ញកិច្ចនៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន មានឋានៈស្មើអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៨/០៤២ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០០៨ និងទទួលបានការដំឡើងឋានៈស្មើរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៨/១៣០៧ ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០០៨ ព្រមទាំងទទួលបានការដំឡើងឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៧១២/៦៦៧ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ។
មកទល់បច្ចុប្បន្ន លោកជំទាវ កុយ ពិសី ត្រូវបានតែងតាំង និងផ្តល់ឋានៈជាលេខាធិការ និងជាអនុប្រធាននៃលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន មានឋានៈស្មើរដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៥/៩៧៤ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ និងព្រះរាជក្រឹត្យលេខនស/រកត/០៨១៦/៧៧១ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ៕