គណបក្សសង្គ្រោះជាតិ (CNRP) ជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជាដែលបង្កឲ្យមានការព្រួយបារម្ភខ្លាំងដល់គណបក្សប្រជាជនកម្ពុជា (CPP) ជាគណបក្សនយោបាយកាន់កាប់អំណាចនោះ ត្រូវបានស្ថាប័នតុលាការកំពូលវិនិច្ឆ័យសេចក្តីសម្រេចរំលាយចោលហើយ និងហាមឃាត់បុគ្គលថ្នាក់ដឹកនាំគណបក្សនយោបាយនេះចំនួន១១៨នាក់ធ្វើនយោបាយរយៈពេល៥ឆ្នាំ តាមអំណាចសាលដីកាលេខ៣៤០(ឆ) ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧បន្ទាប់ពីបើកសវនាការនាថ្ងៃម្សិលមិញរួចភ្លាមៗតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃក្រោមកិច្ចការពារសន្តិសុខយ៉ាងតឹងរ៉ឹងបំផុត ។
សមាសភាពក្រុមប្រឹក្សាជំនុំជម្រះរបស់តុលាការកំពូលលើសំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិនេះត្រូវបានចូលរួមដោយថ្នាក់ដឹកនាំសំខាន់ៗរបស់តុលាការកំពូល រួមមាន ៖ ១-ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមប្រឹក្សា, ២-ឯកឧត្តម ឃឹម ប៉ុណ្ណ អនុប្រធានតុលាការកំពូល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ជាចៅក្រម, ៣-ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ជាចៅក្រម, ៤-ឯកឧត្តម យូរ ឧត្តរា អនុប្រធានតុលាការកំពូល ជាចៅក្រម, ៥-ឯកឧត្តម គង់ ស្រ៊ីម អនុប្រធានតុលាការកំពូល ជាចៅក្រម, ៦-លោក សេង នាង ជាចៅក្រម,៧-លោកស្រី សែម សក្តិកូឡា ជាចៅក្រមទទួលបញ្ជា, ៨-លោកស្រី ចាំង ស៊ីណាត ជាចៅក្រម និង ៩-លោក គង់ តារាឆាត ជាចៅក្រម ។ លើសពីនេះ តំណាងមហាអយ្យការ គឺលោកជំទាវ ជា លាង ជាអគ្គព្រះរាជអជ្ញានៃមហាអយ្យការអមតុលាការកំពូលតែម្តង ។
ស្ថាប័នពាក់ព័ន្ធទាំងអស់ក្រោមឱវាទរាជរដ្ឋាភិបាលកម្ពុជា ទាំងស៊ីវិល ទាំងប្រដាប់អាវុធ រួមទាំងក្រុមសហជីពដែលជាអង្គការវិជ្ជាជីវៈដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជាផង បានចេញញត្តិព្រោងព្រាតសម្តែងនូវការគាំទ្រចំពោះចំណាត់ការរបស់តុលាការកំពូលដែលបានសម្រេចរំលាយគណបក្សសង្គ្រោះជាតិឲ្យបាត់ឈ្មោះចេញពីឆាកនយោបាយកម្ពុជា ។
រយៈពេលត្រឹមតែ០១ថ្ងៃក្រោយតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិនោះ គឺនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃបានចេញលិខិតផ្លូវការជម្រាបជូនអគ្គនាយកដ្ឋានរតនាគារជាតិនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្នើសុំបង្កកការបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនសមាជិក សមាជិកាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់មកពីគណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧តទៅ ។
ក្រៅពីអ្នកតំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់មកពីគណបក្សសង្គ្រោះជាតិដែលត្រូវបានរលាយ និងអស់សុពលភាពនោះ សេចក្តីរាយការណ៍បានឲ្យដឹងដែរថា មានសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មួយចំនួនមានប្រភពមកពីគណបក្សសង្គ្រោះជាតិក៏បានប្រកាសត្រៀមខ្លួនលាលែងពីមុខតំណែង ដូចជា ឯកឧត្តម រ៉ុង ឈុន ជាដើម…។
ដូច្នេះ ការព្យាករណ៍ទស្សន៍ទាយទុកមុនរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហៅបុរសខ្លាំង ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលថា ជាង៩៩ភាគរយ គឺគណបក្សសង្គ្រោះជាតិនឹងត្រូវរលាយមុនការកាត់ទោសឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បានក្លាយជាការពិតហើយ ។
គួររំលឹកជូនថា ចាប់តាំងពីបង្កើតចេញជារូបរាងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស នាឆ្នាំ២០១៣មក គណបក្សសង្គ្រោះជាតិបានចូលរួមបោះឆ្នោតសំខាន់ៗចំនួន២លើក គឺលើកទី១បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ឆ្នាំ២០១៣ ទទួលបានសំឡេងឆ្នោតគាំទ្របានការចំនួន២ ៩៤៦ ១៧៦សំឡេង និងទទួលបានអាសនៈនៅក្នុងរដ្ឋសភាចំនួន៥៥អាសនៈ និងលើកទី២បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ឆ្នាំ២០១៧ ទទួលបានសំឡេងឆ្នោតគាំទ្របានការចំនួន៣ ០៥៦ ៨២៤សំឡេង ទទួលបានអាសនៈសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សរុបចំនួន៥ ០០៧ និងទទួលបានអាសនៈមេឃុំ ចៅសង្កាត់សរុបចំនួន ៤៨៩ ។ សំឡេងឆ្នោតគាំទ្ររបស់គណបក្សសង្គ្រោះជាតិដែលកើនឡើងជាលំដាប់បន្តបន្ទាប់នេះហើយជាហេតុធ្វើឲ្យគណបក្សប្រជាជនកម្ពុជារបស់បុរសខ្លាំងមានការព្រួយបារម្ភបំផុត ទើបរិះរកគ្រប់ហេតុផលដើម្បីចាត់ការរំលាយគណបក្សសង្គ្រោះជាតិចោលតែម្តង ៕