ក្រោយពីមិនអាចស្រោចស្រង់ជួយជម្រើសជាតិអ៊ីតាលីឆ្លងកាត់វគ្គ Play-off ដើម្បីមានសិទ្ធិទៅលេងបន្តនៅទឹកដីរុស្ស៊ីនាឆ្នាំ២០១៨ នៃព្រឹត្តិការណ៍ World Cup បាន អ្នកចាំទីដៃស្អិត Gianluigi Buffon បានប្រកាសចូលនិវត្តន៍ភ្លាមៗតែម្តងក្នុងវ័យ៣៩ឆ្នាំ ។
Gianluigi Buffon កើតនៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៧៨ ។ បើនិយាយពីអតីតកាលកីឡាករចាស់វស្សារូបនេះបានជាប់ជម្រើសជាតិ U16 របស់អ៊ីតាលីមកម្ល៉េះ លុះឈានមកដល់ឆ្នាំ១៩៩៧ Buffon ត្រូវបានកោះហៅឲ្យចូលជម្រើសជាតិឈុតធំ ដែលគេទើបតែមានអាយុ១៩ឆ្នាំប៉ុណ្ណោះ ។
រយៈពេលប្រមាណ២០ឆ្នាំមុនចូលនិវត្តន៍នេះ Buffon បានបង្ហាញខ្លួនក្នុងជម្រើសជាតិឈុតធំ១៧៥ប្រកួតមកហើយ ។ បើនិយាយពីនិយាយពីព្រឹត្តិការណ៍ World Cup វិញ អ្នកចាំទីដៃស្អិតរូបនេះបានបង្ហាញខ្លួនឲ្យជម្រើសជាតិអ៊ីតាលីរហូតដល់ទៅ៥ជំនាន់ឯណោះ ។
ឆ្នាំ១៩៩៨ ជាឆ្នាំដំបូងដែល Buffon បានក្លាយជាអ្នកចាំទីវ័យក្មេងរបស់ជម្រើសជាតិអ៊ីតាលីក្នុងព្រឹត្តិការណ៍ World Cup ហើយគ្រានោះដែររូបគេបានជួយជម្រើសជាតិអ៊ីតាលីឆ្លងមកដល់វគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីចាញ់ម្ចាស់ផ្ទះបារាំងដោយបាល់ប៉េណាល់ទីកាត់សេចក្តី ។ បន្ទាប់មក World Cup 2002 Buffon ជួយជម្រើសជាតិខ្លួនត្រឹមវគ្គ១៦ក្រុមចុងក្រោយប៉ុណ្ណោះ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះកូរ៉េខាងត្បូង ។
ក្រឡេកមកមើលព្រឹត្តិការណ៍ World Cup 2006វិញជាឆ្នាំជោគជ័យបំផុតរបស់អ្នកចាំទី Buffon ដោយរូបគេបានជួយឲ្យអ៊ីតាលីឈ្នះ World Cup ជាលើកទី៤ ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីឈ្នះបាល់ប៉េណាល់ទីកាត់សេចក្តីជាមួយបារាំងក្នុងលទ្ធផល ៥ទល់នឹង៣ ។ លុះដល់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០ និង ២០១៤ Buffon មិនអាចដឹកនាំជម្រើសជាតិអ៊ីតាលីឆ្លងដល់វគ្គ១៦ក្រុមចុងក្រោយបានទេ គឺបានត្រឹមហាលអាវវគ្គចែកពូលប៉ុណ្ណោះ ។
គួរបញ្ជាក់ជូនផងដែរថាមុន Buffon ក្លាយជាអ្នកចាំទីរបស់ជម្រើសជាតិអ៊ីតាលី ប្រទេសមួយនេះធ្លាប់ឈ្នះពាន់ World Cup ចំនួន៣លើកមកហើយ គឺឆ្នាំ១៩៣៤, ១៩៣៨ និងឆ្នាំ១៩៨២ ៕