លទ្ធផលនៃការប្រកួតវគ្គជម្រុះបាល់ទាត់ពិភពលោក (World Cup) ស្មើនឹងស៊ុយអែត ០-០ នៅលើទឹកដីរបស់ខ្លួនវគ្គ Play-off ជើងទី២ ធ្វើឲ្យម្ចាស់ជើងឯក៤លើក អ៊ីតាលីមិនអាចមានឱកាសចូលរួមលេងនៅ World Cup 2018 បានឡើយ ហើយក៏ជាគ្រាដំបូងក្នុងប្រវត្តិសាស្ត្រដែរ ដែលអ៊ីតាលីបាត់បង់ឱកាសចូលរួមប្រកួត World Cup ចាប់តាំងពីអំឡុងឆ្នាំ១៩៥៨មក ។
ម្ចាស់ផ្ទះអ៊ីតាលីមានឱកាសគ្រប់គ្រងបាល់រហូតដល់ទៅ៧៦ភាគរយ ប៉ុន្តែមិនអាចទម្លុះសំណាញ់ទីរបស់ស៊ុយអែតបានឡើយ ពោលបានត្រឹមទទួលលទ្ធផលស្មើ0-0ប៉ុណ្ណោះ ក្នុងវគ្គPlay-off ជើងទី២ ។ មានន័យថា លទ្ធផលនៃការប្រកួតសរុបទាំងពីរជើង គឺស៊ុយអែតឈ្នះអ៊ីតាលី១-0 ទទួលបានកៅអីទៅកាន់ World Cup 2018 នៅប្រទេសរុស្ស៊ីដោយជោគជ័យ ។
ដោយឡែក អ្នកចាំទីក្រុមជម្រើសជាតិអ៊ីតាលី Gianluigi Buffon ដែលបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិក្រោយបញ្ចប់វគ្គជម្រុះ World Cup នោះ បានថ្លែងទាំងទឹកភ្នែកថា «មិនសោកស្តាយសម្រាប់ផ្ទាល់ខ្លួនទេ តែសម្រាប់អ៊ីតាលីទាំងមូល។ មិនមែនជាកំហុសនរណាម្នាក់ឡើយ គឺសមាជិកក្រុមគ្រប់រូបចាញ់ទាំងអស់គ្នា ។ ដូច្នេះ វាជាការទទួលខុសត្រូវទាំងអស់គ្នា ។» ។
គួរបញ្ជាក់ជូនថា អ៊ីតាលីធ្លាប់គ្រងតំណែងជើងឯក World Cup ចំនួន៤លើក គឺនៅឆ្នាំ១៩៣៤,១៩៣៨,១៩៨២ និងឆ្នាំ២០០៦ ៕