គេហទំព័រសារព័ត៌មាន RT របស់រុស្ស៊ីបានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះឲ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍របស់លោក Haider al-Abadi នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គឺចាប់តាំងពីក្រុម ISIS គ្រប់គ្រងទឹកដីមួយផ្នែកធំ ព្រមទាំងការធ្វើសង្គ្រាមប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករមួយនេះបានធ្វើឲ្យទីក្រុងបាដាដ (Baghdad) ខាតបង់ប្រាក់អស់ជាង១០០ពាន់លានដុល្លារអាមេរិក ។
សេចក្តីរាយការណ៍បានឲ្យដឹងថា នាពេលបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Karbala កាលពីចុងសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Haider al-Abadi បានថ្លែងថា «ការបំផ្លិចបំផ្លាញបង្កឡើងដោយពួក ISIS នៅពេលក្រុមនេះគ្រប់គ្រងទីក្រុងអ៊ីរ៉ាក់ជាច្រើនបានធ្វើឲ្យអ៊ីរ៉ាក់ខាតបង់ប្រាក់អស់ជាង១០០ពាន់លានដុល្លារអាមេរិក ជាពិសេសខូចខាតលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ចតែម្តង» ។
សេចក្តីថ្លែងការណ៍បែបនេះរបស់លោក Haider al-Abadi ត្រូវបានផ្សព្វផ្សាយ ខណៈកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ចាប់ផ្តើមធ្វើប្រតិបត្តិការយោធាដើម្បីរំដោះទីក្រុង Rawa ដែលជាមូលដ្ឋានចុងក្រោយរបស់ក្រុម ISIS នៅអ៊ីរ៉ាក់ ។
គួរបញ្ជាក់ជូនដែរថា ក្រោយឥទ្ធិពលរបស់ក្រុមISIS ថមថយបន្ទាប់ពីការដួលរលំនៃទីក្រុង Mosul កាលពីប៉ុន្មានខែមុននោះ បញ្ហាធំមួយទៀតដែលប្រទេសអ៊ីរ៉ាក់កំពុងប្រឈមមុខបន្ត គឺចេតនានៃការទាមទារឯករាជ្យរបស់ក្រុម Kurds ៕