អាចនិយាយថា ជាលើកទី១ហើយក្នុងប្រវត្តិសាស្ត្ររយៈពេលច្រើនឆ្នាំកន្លងមក ដែលសហរដ្ឋអាមេរិកបានបញ្ចេញនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែររហូតដល់ចំនួន៧គ្រឿងក្នុងចំណោម១១គ្រឿងឲ្យចេញធ្វើសមយុទ្ធព្រមៗគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិក ដោយត្រូវចាត់ទុកថា ជាសកម្មភាពសម្ញែងនូវឥទ្ធិពលយោធាគ្មានប្រទេសណាមួយធ្វើដូចក្រៅពីមហាអំណាចសហរដ្ឋអាមេរិក ។
គេហទំព័រសារព័ត៌មាន Businessinsider បានផ្សព្វផ្សាយឲ្យដឹងថា ក្រៅពីនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរចំនួន៣គ្រឿង គឺ USS Ronald Reagan (CVN-76) USS Theodore Roosevelt (CVN-71) និង USS Nimitz (CVN-68) ដែលបានចូលរួមធ្វើសមយុទ្ធយោធារួមគ្នានៅមហាសមុទ្រប៉ាស៊ីហ្វិកក្បែរឧបទ្វីបកូរ៉េនោះ នាវាផ្ទុកយន្តចម្បាំងចំនួន២គ្រឿងទៀតក៏បានធ្វើសកម្មភាពទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក គឺ USS John C-Stennis (CVN-74) និង USS Carl Vinson (CVN-70) ។ ចំណែកនាវាផ្ទុកយន្តហោះចម្បាំងដ៏ទំនើប USS Gerald R-Ford (CVN-78) និង USS Abraham Lincoln (CVN-72) ក៏កំពុងធ្វើសកម្មភាពនៅមហាសមុទ្រអាត្លង់ទិកដែរ ។
ក្រៅពីនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរទាំង៧គ្រឿងនោះ នៅមាននាវាចម្បាំងចំនួន១៥គ្រឿង យន្តហោះចម្បាំង១៧គ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក B-52 ក៏ត្រូវបានបញ្ចេញឲ្យធ្វើសកម្មភាពព្រមៗគ្នា ។
សកម្មភាពបញ្ចេញនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរទាំង៧គ្រឿងព្រមៗគ្នាក្នុងចំណោម១១គ្រឿងរបស់សហរដ្ឋអាមេរិកទៅកាន់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិកនេះ គឺកើតឡើងស្របពេលដែលលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកបំពេញទស្សនកិច្ចរយៈពេល១២ថ្ងៃ ទៅកាន់បណ្តាប្រទេសចំនួន៥នៅទ្វីបអាស៊ី ។
លោកឧត្តមសេនីយ៍ Kenneth F.McKenzie Jr.អគ្គមេបញ្ជាការយោធាសហរដ្ឋអាមេរិកបានថ្លែងឲ្យដឹងថា «សកម្មភាពទាំងនេះ គឺជាការបង្ហាញអំពីឥទ្ធិពលយោធាដែលគ្មានប្រទេសណាមួយអាចធ្វើបានក្រៅពីសហរដ្ឋអាមេរិក» ។
យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ក្នុងចំណោមនាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរទាំង៧គ្រឿងរបស់សហរដ្ឋអាមេរិកដែលដាក់ឲ្យធ្វើសកម្មភាពនៅមហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រអាត្លង់ទិកព្រមៗគ្នានោះ មានតម្លៃសរុបគិតជាទឹកប្រាក់មិនតិចជាង៤០ពាន់លានដុល្លារអាមេរិកឡើយ ដោយមិនទាន់គិតដល់ការបំពាក់នូវប្រព័ន្ធសព្វាវុធទំនើបៗទៀតផង ៕