ទីបំផុត លោកឧកញ៉ា ជួប ច័ន្ធ អាយុ៤៥ឆ្នាំ ជាអ្នកជំនួញខាងអចលនទ្រព្យដ៏ល្បីល្បាញត្រូវបានលោក គឹម រ័ត្នណារិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នដាក់ពន្ធនាគារ PJ រាជធានីភ្នំពេញនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ក្រោមការចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន (ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់ជាង១លានដុល្លារអាមេរិកឲ្យទៅលោកឧកញ៉ា គឹម កៅ ត្រូវជាកូនប្រុសលោកឧកញ៉ា គឹម ហាប់) ។
ដំណើរការឃុំខ្លួនលោកឧកញ៉ា ជួប ច័ន្ទ ដាក់ពន្ធនាគារបណ្តោះអាសន្ននេះបន្ទាប់ពីចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញចេញដីកាបង្គាប់ឲ្យនាំខ្លួនកាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧កន្លងទៅថ្មីៗ ។
គួររំលឹកជូនថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ លោកឧកញ៉ា ជួប ច័ន្ទ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនមកកាន់ស្ថាប័នសាលាដំបូងរាជធានីភ្នំពេញនាថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែបន្ទាប់ពីធ្វើការសាកសួររួចមក លោកឧកញ៉ា ជួប ច័ន្ទ ត្រូវបានតុលាការអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា លោកឧកញ៉ា ជួប ច័ន្ទ មានការរកស៊ីពាក់ព័ន្ធនឹងក្រុមហ៊ុនគឹម ហាប់ ដែលមានលោកឧកញ៉ា គឹម កៅ ជានាយកក្រុមហ៊ុន ក្នុងទំហំទឹកប្រាក់ប្រមាណ៣លានដុល្លារអាមេរិក ។ ក្រោយមក លោកឧកញ៉ា គឹម កៅ បានទាមទារប្រាក់នោះវិញទើបលោកឧកញ៉ា ជួប ច័ន្ទ ចេញមូលប្បទានបត្រ (សែក) មានតម្លៃទឹកប្រាក់ជាង១លានដុល្លារអាមេរិក ដោយកំណត់ឲ្យបើកនៅធនាគារនាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ។ ពេលលោកឧកញ៉ា គឹម កៅ ទៅបើកប្រាក់នោះ ត្រូវបានខាងធនាគារបញ្ជាក់ថា មូលប្បទានបត្រគ្មានសាច់ប្រាក់ទេ ។ បន្ទាប់មកទៀត ខាងភាគីក្រុមហ៊ុនលោកឧកញ៉ា គឹម កៅ ក៏បានដាក់ពាក្យប្តឹងលោកឧកញ៉ា ជួប ច័ន្ទ ទៅសមត្ថកិច្ចប៉ូលិសតែម្តង ។
លោក ជួប ច័ន្ទ ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០២០៨/១០១ ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០០៨ ៕