គេហទំព័រសារព័ត៌មាន Dailymail របស់អង់គ្លេសបានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះឲ្យដឹងថា ក្រុមបណ្តាមហាសេដ្ឋីដែលមានទឹកប្រាក់ពាន់លានដុល្លារអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូឌីត (Saudi Arabia) ជាច្រើននាក់ កំពុងម្នីម្នាប្រញាប់ប្រញាល់ប្រមូលទ្រព្យសម្បត្តិ និងផ្ទេរចេញពីប្រទេសនៅមុនពេលក្រុមមន្ត្រីចាត់វិធានការរឹបអូសទឹកប្រាក់ជាង៨០០ពាន់លានដុល្លារអាមេរិក ខណៈមនុស្សជាង២០០នាក់ត្រូវបានចាប់ខ្លួនក្រោមយុទ្ធនាការបោសសម្អាត និងប្រឆាំងអំពើពុករលួយដឹកនាំដោយព្រះអង្គម្ចាស់ Mohammad bin Salman ជារាជទាយាទរបស់ព្រះមហាក្សត្រ និងជារដ្ឋមន្ត្រីក្រសួងការពារជាតិអារ៉ាប៊ីសាអូឌីត ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមគ្រួសារបណ្តាមហាសេដ្ឋីអារ៉ាប៊ីសាអូឌីតបាន និងកំពុងចរចាជាមួយធនាគារ និងក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិដើម្បីបង្វិលទ្រព្យសម្បត្តិរបស់ពួកគេចេញពីប្រទេស ដ្បិតខ្លាចក្រែងអាជ្ញាធរប្រឆាំងអំពើពុករលួយធ្វើការរឹបអូស ។
អគ្គព្រះរាជអាជ្ញាអារ៉ាប៊ីសាអូឌីតបានបញ្ជាក់ឲ្យដឹងថា មានមនុស្សចំនួន២០៨នាក់ ត្រូវបានកោះហៅមកសាកសួរនៅក្នុងការស៊ើបអង្កេតដោយបានវាយតម្លៃថា ទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិកត្រូវបានប្រើប្រាស់ដោយខុសច្បាប់ តាមរយៈការកេងប្រវ័ញ្ច និងប្រព្រឹត្តអំពើពុករលួយ ខណៈគណនីធនាគារចំនួន១ ៧០០ត្រូវបានបង្កកជាបណ្តោះអាសន្នជាមួយនឹងទ្រព្យសម្បត្តិមួយចំនួនត្រូវបានរឹបអូសដោយរដ្ឋាភិបាល ។
កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ អាជ្ញាធរអារ៉ាប៊ីសាអូឌីតបានរាយការណ៍ឲ្យដឹងថា មានមនុស្សចំនួន២០១នាក់កំពុងជាប់ឃុំខ្លួនពាក់ព័ន្ធនឹងការស៊ើបអង្កេតសំណុំរឿងពុករលួយ ខណៈកាលពីសប្តាហ៍មុនមានបុត្រាចំនួន១១អង្គត្រូវបានចាប់ព្រះកាយ និងរដ្ឋមន្ត្រីចំនួន៤នាក់ត្រូវបានដកហូតមុខតំណែង ។
ព្រះអង្គម្ចាស់ Mohammad bin Salman ព្រះជន្ម៣២ព្រះវស្សា គឺជារាជទាយាទរបស់ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz Al Saud (King Salman) ព្រះជន្ម៨១ព្រះវស្សា ។ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសធនធានប្រេងកាតមួយនេះ មានទ្រព្យសម្បត្តិប្រមាណ១៧ពាន់លានដុល្លារអាមេរិក ៕