ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនដែលដកស្រង់ពីប្រភពទីភ្នាក់ងារសារព័ត៌មានYonhap របស់ប្រទេសកូរ៉េខាងត្បូងបានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧ឲ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកចំនួន៣គ្រឿងនឹងមកចូលរួមធ្វើសមយុទ្ធដែនសមុទ្រនៅក្បែរតំបន់ដែនទឹកឧបទ្វីបកូរ៉េនាចុងសប្តាហ៍នេះ ។
ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូងបានឲ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំងសហរដ្ឋអាមេរិកនឹងមកចូលរួមធ្វើសមយុទ្ធយោធានៅក្នុងតំបន់ដែនទឹកអន្តរជាតិក្បែរតំបន់ឧបទ្វីបកូរ៉េ ដែលក្នុងនោះក៏មានការចូលរួមពីកងកម្លាំងទាហានជើងទឹកកូរ៉េខាងត្បូងផងដែរ ។
កងកម្លាំងនាវាចម្បាំងទី៧របស់សហរដ្ឋអាមេរិកបានបញ្ជាក់ឲ្យដឹងថា នាវាផ្ទុកយន្តហោះចម្បាំង៣គ្រឿងរបស់សហរដ្ឋអាមេរិកដែលគ្រោងធ្វើសមយុទ្ធយោធាក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិចចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ រួមមាន នាវាផ្ទុកយន្តហោះចម្បាំងដើរដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan (CVN-76) USS Theodore Roosevelt (CVN-71) និង USS Nimitz (CVN-68) ។
សមយុទ្ធយោធាលើដែនសមុទ្រនេះនឹងផ្តោតសំខាន់ចំពោះការហ្វឹកហាត់ល្បាតសមុទ្រ ការពារដែនអាកាស និងការបណ្តុះបណ្តាលជាច្រើនទៀតទៅដល់កងកម្លាំងទាហានជើងទឹកសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ។
គម្រោងការធ្វើសមយុទ្ធយោធារបស់កងម្លាំងនាវាចម្បាំងទី៧របស់សហរដ្ឋអាមេរិកនៅក្បែរតំបន់ឧបទ្វីបកូរ៉េនេះ គឺកើតឡើងបន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទើបបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងដោយបានសម្តែងនូវការប្តេជ្ញាចិត្តថា នឹងការពារទីក្រុង Seoul ពីការគំរាមកំហែងខាងសព្វាវុធពីសំណាក់ប្រទេសកូរ៉េខាងជើង ៕