ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានផ្សព្វផ្សាយនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump មកកាន់ទីក្រុងប៉េកាំង ប្រទេសចិននាពេលថ្មីៗ គឺប្រទេសចិនបានចុះកិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះប្រភេទ Boeing ចំនួន៣០០គ្រឿងពីសហរដ្ឋអាមេរិកដែលមានតម្លៃទឹកប្រាក់សរុបចំនួន៣៧ពាន់លានដុល្លារអាមេរិក ។
កិច្ចព្រមព្រៀងបញ្ជាទិញយន្តហោះប្រភេទ Boeing ចំនួន៣០០គ្រឿងមានតម្លៃទឹកប្រាក់សរុប៣៧ពាន់លានដុល្លារអាមេរិកពីសហរដ្ឋអាមេរិកដោយប្រទេសចិននេះ គឺត្រូវបានចូលរួមចុះហត្ថលេខាដោយលោក Kevin McAllister នាយកប្រតិបត្តិក្រុមហ៊ុនផលិតយន្តហោះ Boeing ក្រោមអធិបតីភាពរបស់លោក Xi Jinping ប្រធានាធិបតីចិន និងលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក ។
គួរបញ្ជាក់ជូនថា ដំណើរទស្សនកិច្ចរបស់លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិកមកកាន់ទីក្រុងប៉េកាំង ប្រទេសចិនកន្លងទៅថ្មីៗនេះសម្រេចបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក សរុបចំនួន២៥៣,៥ពាន់លានដុល្លារអាមេរិក គឺជាកិច្ចព្រមព្រៀងជាប់កំណត់ត្រាថ្មីមួយសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងមហាអំណាចសហរដ្ឋអាមេរិក និងមហាអំណាចចិន ។
កិច្ចសន្ទនាផ្លូវការមួយរវាងលោក Xi Jinping ប្រធានាធិបតីចិន និងលោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក គឺប្រមុខមេដឹកនាំទាំងពីរបានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅថា «ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក កំពុងតែចាប់ផ្តើមពីចំណុចជាប្រវត្តិសាស្ត្រថ្មីមួយ» ខណៈប្រទេសមហាអំណាចទាំងពីរនៅមានបញ្ហាខ្វែងគំនិតគ្នាជាច្រើនត្រូវដោះស្រាយ ក្នុងនោះក៏មានបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងផងដែរ ៕