ថ្ងៃ ពុធ ទី ១២ ខែ ធ្នូ ឆ្នាំ ២០១៨

​ដល់ក ! តុលាការ​កំពូល​ប្រញាប់ប្រញាល់​កាត់ក្តី​រំលាយ CNRP ពេក រហូតដល់​ថ្នាក់​វង្វេង​ភ័ន្តច្រឡំ​កាលបរិច្ឆេទ​ធ្ងន់ធ្ងរ​ភ្ញាក់ផ្អើល​ពេញ Facebook

ឯកឧត្តម ឌិ​ត មុន្ទី សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា (CPP) ប្រធាន​តុលាការ​កំពូល និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម បានចេញ​លិខិតផ្លូវការ​កោះអញ្ជើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដើម្បី​ឲ្យ​ចូលរួម​សវ​នាកាល​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​វេលា​ម៉ោង​០៨​ព្រឹក ក្នុង​សំណុំរឿង​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ខណៈ​លិខិតអញ្ជើញ​របស់​តុលាការ​កំពូល​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ផង រិះគន់​ផង ពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook នៅត្រង់ថា ចុះ​កាលបរិច្ឆេទ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ពោលគឺ​កាលបរិច្ឆេទ​កោះអញ្ជើញ​ចូលរួម​សវ​នាកាល​កើតឡើង​ក្រោយ​កាលបរិច្ឆេទ​សវនាការ​ទៅវិញ (Sic!) ។​

​ទោះយ៉ាងណា នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៧​នេះ តុលាការ​កំពូល​ក៏បាន​ប្រកាស​ធ្វើការ​កែតម្រូវ​កាលបរិច្ឆេទ​ដែល​ភ័ន្តច្រឡំ​ពីថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​មកជា​កាលបរិច្ឆេទ​ចុះ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​វិញ​ហើយ ដោយ​អះអាងថា «​មាន​កំហុស​ផ្នែក​បច្ចេកទេស​កុំព្យូទ័រ​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​នូវ​កាល​ចុះ​កាលបរិច្ឆេទ​ត្រង់​ហត្ថលេខា​» ។

​ក្រុមអ្នកច្បាប់​ឯករាជ្យ​នៅ​កម្ពុជា​បាន​លើកឡើងថា ពាក់ព័ន្ធ​នឹង​សំណុំរឿង​ប្តឹង​សុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​ក្រសួងមហាផ្ទៃ​រហូត​បង្កើត​បានជា​សំណុំរឿង​រដ្ឋប្បវេណី​លេខ​១០​គ​.​ប ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧​របស់​តុលាការ​កំពូល​នេះ គឺ​លោកស្រី សែម សក្តិ​កូ​ឡា ជា​ចៅក្រម​ទទួលបញ្ជា​របស់​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​តុលាការ​កំពូល​ធ្លាប់​បានចេញ​ដីកា​ចុះ​ថ្ងៃទី​០៩ ខែតុលា ឆ្នាំ​២០១៧​បង្គាប់​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ទៅនឹង​ពាក្យ​បណ្តឹងសុំ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ចុះ​ថ្ងៃទី​០៦ ខែតុលា ឆ្នាំ​២០១៧​របស់​ក្រសួងមហាផ្ទៃ ជូន​មក​តុលាការ​កំពូល​រយៈពេល​២០​ថ្ងៃ គិត​ចាប់​ពីថ្ងៃ​បានទទួល​ការបញ្ជូន​ដីកា​បង្គាប់ ។ មានន័យថា ទោះបី​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ក្តី ឬ​មិន​ដាក់​ឯកសារ​ត្រៀម​ឆ្លើយតប​ក្តី ក៏​តុលាការ​កំពូល​ត្រូវ​ទុកពេល​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងហោចណាស់​ត្រឹម​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៧​ដែរ តែ​ផ្ទុយទៅវិញ​បែរជា​តុលាការ​កំពូល​ចេញ​ដីកាកោះ​អញ្ជើញ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នា​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​ដើម្បី​ចូលរួម​សវ​នាកាល​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ រហូត​បង្ក​ឲ្យ​មានការ​ភ័ន្តច្រឡំ​កាលបរិច្ឆេទ​ទាំង​ភ្នែក​ស្រស់ និង​មានការ​រិះគន់​ពេញ Facebook ។​

​ទាក់ទិន​នឹង​សំណុំរឿង​ប្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែលជា​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​តិចជាង​៣​លាន​នាក់ ឲ្យ​បាត់ឈ្មោះ​ពី​ពិភព​នយោបាយ​កម្ពុជា​នេះ ធ្លាប់​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្លែង​ព្យាករណ៍​ទុកជាមុន​រួចហើយ​ថា ជាង​៩៩​ភាគរយ គឺ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​រលាយ​នៅ​មុនពេល​កាត់ក្តី​ផ្តន្ទាទោស​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.