ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់ប្រទេសកូរ៉េខាងត្បូងបានផ្សព្វផ្សាយឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក James Mattis រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនៅប្រទេសកូរ៉េខាងត្បូង រួមជាមួយនឹងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខសហរដ្ឋអាមេរិក-កូរ៉េខាងត្បូងប្រចាំឆ្នាំ លោករដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិករូបនេះបានថ្លែងថា «ប្រសិនបើសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចង់បានសន្តិភាពនោះ គឺចាំបាច់ត្រូវតែរៀបចំធ្វើសង្គ្រាម» ។
គេហទំព័រសារព័ត៌មាន UPI របស់សហរដ្ឋអាមេរិកបានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ម្សិលមិញឲ្យដឹងថា លោក James Mattis រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកក៏បានបញ្ជាក់ដែរថា «បើគ្មានសម្ព័ន្ធភាពទេនោះ វានឹងមិនអាចទៅរួចឡើយសម្រាប់សហរដ្ឋអាមេរិក ឬកូរ៉េខាងត្បូងដើម្បីធ្វើការឆ្លើយតបទៅនឹងការគំរាមកំហែងដោយអាវុធមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង» ។
វត្តមានលោក James Mattis រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកនៅលើទឹកដីប្រទេសកូរ៉េខាងត្បូងដោយមានការទស្សនកិច្ចនៅតំបន់គ្មានកងទ័ព (DMZ) ខណ្ឌចែករវាងប្រទេសកូរ៉េខាងត្បូង និងកូរ៉េខាងជើងកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ម្សិលមិញផងនោះ បានកើតឡើងស្របគ្នាទៅនឹងស្ថានការណ៍តានតឹងក្នុងរឿងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើងដែលកំពុងគំរាមកំហែងដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ដូចជាប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ជាដើម ។
លោក James Mattis អាយុ៦៧ឆ្នាំ អតីតជាឧត្តមនាវីមេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកចូលនិវត្តន៍ដែលធ្លាប់ចូលរួមប្រឡូកក្នុងសមរភូមិសង្គ្រាមនៅតំបន់ឈូងសមុទ្រពែក្ស សង្គ្រាមអ៊ីរ៉ាក់ និងសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន ។ ក្រោយមក នៅពេលលោក Donald Trump បានឈ្នះឆ្នោតចូលកាន់តំណែងជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិកនោះ លោក James Mattis ក៏ទទួលបានការតែងតាំងតំណែងជារដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកទល់បច្ចុប្បន្ន ៕