គេហទំព័រសារព័ត៌មាន The Mirror របស់អង់គ្លេសបានផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះឲ្យដឹងថា រុស្ស៊ីបានត្រៀមលក្ខណៈរួចរាល់ហើយក្នុងការឈានទៅបាញ់ធ្វើតេស្តសាកល្បងនូវអាវុធមីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដ៏ធំបំផុតរបស់ខ្លួនដែលមានសមត្ថភាពបាញ់ឆ្លងទ្វីប និងអាចកម្ទេចបំផ្លិចបំផ្លាញប្រទេសបារាំង ឬអង់គ្លេសទាំងមូល ឬរដ្ឋ Texas របស់សហរដ្ឋអាមេរិកបានយ៉ាងងាយ ។
អាវុធមីស៊ីលបាញ់ឆ្លងទ្វីប (ICBM) បំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់រុស្ស៊ីនេះមានឈ្មោះថា Satan-2 ។ ក្បាលគ្រាប់នុយក្លេអ៊ែរដែលបំពាក់នឹងអាវុធមីស៊ីលនេះក្នុង១គ្រាប់មានកម្លាំងផ្ទុះរហូតដល់ទៅប្រមាណ៤០មេហ្គាតោន ពោលគឺមានកម្លាំងផ្ទុះខ្លាំងជាង២ ០០០ដង បើធៀបទៅនឹងគ្រាប់បែកអាតូមិករបស់សហរដ្ឋអាមេរិក ដែលទម្លាក់នៅទីក្រុង Hiroshima និង Nagasaki ប្រទេសជប៉ុន កាលពីអំឡុងឆ្នាំ១៩៤៥ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា តាមគម្រោងការក្រោមការបញ្ជាផ្ទាល់ដោយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី គឺក្រសួងការពារជាតិរុស្ស៊ីគ្រោងនឹងបាញ់តេស្តសាកល្បងនូវអាវុធមីស៊ីលមហាប្រល័យប្រភេទ Satan-2 ចំនួន២គ្រាប់នៅចុងឆ្នាំ២០១៧នេះតែម្តង ។
គួរបញ្ជាក់ជូនថា អាវុធមីស៊ីលធុន RS-28 Sarmat របស់រុស្ស៊ីដែលអង្គការ NATO ហៅថា SS-X-30 Satan-2 គឺជាប្រភេទមីស៊ីលបាញ់ឆ្លងទ្វីប (ICBM) មានទម្ងន់១០០តោនក្នុង១គ្រាប់ និងអាចបាញ់បានក្នុងរយៈចម្ងាយ១០ ០០០គីឡូម៉ែត្រ ជាមួយនឹងល្បឿន២៤ ៩១០គីឡូម៉ែត្រក្នុង១ម៉ោង ។ មីស៊ីលធុន RS-28 Sarmat បានបាញ់តេស្តសាកល្បងលើកដំបូងប្រកបដោយជោគជ័យនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧នេះ ៕