ថ្ងៃ សៅរ៏ ទី ០៨ ខែ សីហា ឆ្នាំ ២០២០

ត្រូវចិត្ត​ដោះលែង ! លោក ហុង សុខហួរ អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សម រង្ស៊ី ទទួលបាន​ការលើកលែង​ទោស​បន្ទាប់ពី​សុំទោស​បុរស​ខ្លាំង​

អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សម រង្ស៊ី និង​ជា​អ្នក​កាន់​លុយកាក់​គណបក្សប្រឆាំង​ដ៏​សំខាន់​ម្នាក់​ផង គឺ​លោក ហុង សុខហួរ ដែល​កំពុង​ជាប់ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​តាម​អំណាច​របស់​ស្ថាប័ន​តុលាការ​នោះ ទទួលបាន​ការលើកលែង​ទោស​ដើម្បី​ឲ្យ​ដោះ​លែងមាន​សេរីភាព​វិញ​ហើយ បន្ទាប់ពី​សារភាព​នូវ​កំហុសឆ្គង​របស់ខ្លួន​ចំពោះ​នយោបាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ដំណើរការ​បោះបង្គោល​ព្រំដែន ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨៣៣ ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧ ។

លោក ហុង សុខហួរ អាយុ​៥៩​ឆ្នាំ អតីត​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​សម រង្ស៊ី ត្រូវបាន​កងកម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​កាលពី​ពាក់កណ្តាល​ខែសីហា ឆ្នាំ​២០១៥​កន្លងទៅ បន្ទាប់ពី​ធ្វើការ​បង្ហោះ​ឯកសារ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​កម្ពុជា​-​វៀតណាម នៅលើ Page Facebook គ្រប់គ្រង​ដោយ​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​សមត្ថកិច្ច​ចោទប្រកាន់ថា គឺជា​ឯកសារ​ក្លែងក្លាយ ។​

​ក្រោយមក លោក ហុង សុខហួរ ត្រូវបាន​ស្ថាប័ន​តុលាការ​កម្ពុជា​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​កំណត់​៧​ឆ្នាំ ពីបទ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​អំណាច​សាលដីកា​ព្រហ្មទណ្ឌ​លេខ​៦៨«​ក្រ​I.​សវ​» ចុះ​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ របស់​សាលាឧទ្ធរណ៍ ។

​មុនពេល​លោក ហុង សុខហួរ ដែល​ជាប់​ឈ្មោះ​ជា​ទណ្ឌិត​នៅ​ស្ថាប័ន​តុលាការ​ទទួលបាន​ការ​លើកលែងទោស​ពី​ព្រះករុណា​ព្រះមហាក្សត្រ​តាម​សេចក្តីក្រាបបង្គំទូលថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១០១៧/៨៣៣ ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​នោះ គឺ​លោក ហុង សុខហួរ បានធ្វើ​លិខិត​លាយលក្ខណ៍អក្សរ​ចុះ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៧ សម្តែង​នូវ​ការសារភាព​កំហុសឆ្គង​ចំពោះ​បុរស​ខ្លាំង​នៃ​កម្ពុជា ព្រមទាំង​សន្យាថា «​ចាប់ពី​ថ្ងៃនេះ​តទៅ​នឹង​ប្រុងប្រយ័ត្ន​មិន​ឲ្យ​បញ្ហា​បែបនេះ​កើតឡើង​ទៀតឡើយ​» ។​

​សេចក្តីរាយការណ៍​ពី​ស្ថាប័ន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា លោក ហុង សុខហួរ ​នឹង​ត្រូវបាន​ដោះលែង​ចេញពី​ពន្ធនាគារ​ឲ្យ​មាន​សេរីភាព​វិញ នៅ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៧​នេះ ៕

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.