ទីភ្នាក់ងារសារព័ត៌មាន Xinhua របស់ចិនបានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧នេះឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរីទៅកាន់សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុន គឺទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដ៏ធំដោយសហរដ្ឋអាមេរិកបានចុះកិច្ចសន្យាលក់យន្តហោះធុន Boeing ចំនួន៣៩គ្រឿងទៅឲ្យប្រទេសសិង្ហបុរី មានតម្លៃចំនួន១៣,៨ពាន់លានដុល្លារអាមេរិក ។
សេចក្តីរាយការណ៍បានឲ្យដឹងថា លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Lee Hsien Loong នាយករដ្ឋមន្ត្រីសិង្ហបុរី បានធ្វើជាសាក្សីក្នុងពីធីចុះហត្ថលេខារវាងក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines (SIA) តំណាងដោយលោក Goh Choon Phong និងក្រុមហ៊ុន Boeing តំណាងដោយលោក Kevin McAllister លើការលក់-ទិញយន្តហោះចំនួនជាង៣៩គ្រឿងមានតម្លៃសរុប១៣,៨ពាន់លានដុល្លារអាមេរិក ។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិស័យការពារជាតិ ។
ក្រុមហ៊ុនផលិតយន្តហោះ Boeing Company ដែលដំណើរការផលិតយន្តហោះដោយរោងចក្រ Aerospace Defense របស់រដ្ឋអាមេរិក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩១៦ ពោលមានរយៈពេល១០១ឆ្នាំហើយ ។ ក្រុមហ៊ុនផលិតយន្តហោះខ្នាតយក្សរបស់សហរដ្ឋអាមេរិកនេះមានដើមទុននាឆ្នាំ២០១៦ប្រមាណជិត១០០ពាន់លានដុល្លារអាមេរិក និងមាននិយោជិតបម្រើការងារនាដើមឆ្នាំ២០១៧ចំនួនប្រមាណ១៤៧ ៦៨៣នាក់ ៕