ថ្ងៃ អង្គារ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨

តុលាការ​ប៉ះ​តុលាការ ! ចៅក្រម​សាលាដំបូង​ខេត្តក្រចេះ​ម្នាក់​ទទួលរង​ប្រតិកម្ម​រិះគន់​ខ្លាំងៗ​ពី​ប្រធាន​តុលាការ និង​ស្ថាប័ន​អយ្យការ​ក្នុង​រឿង​ដោះលែង​ឈ្មួញ​ឈើ

​កាលពី​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ កងកម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្រោម​ការសម្របសម្រួល​ពី​លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្នួល ដោយ​រឹបអូស​រថយន្ត​ដឹកឈើ និង​ដឹកអុស​ស្រស់​ចំនួន​២៥​គ្រឿង ព្រមទាំង​បាន​ឃាត់ខ្លួន​បុរស​អ្នកបើកបរ​រថយន្ត​ដឹកឈើ​ម្នាក់​ឈ្មោះ រី សុភា អាយុ​៣១​ឆ្នាំ បន្ទាប់ពី​បុរស​រូបនេះ​ព្យាយាម​បើករថយន្ត​គេច​ពី​សមត្ថកិច្ច និង​ថ្លើមធំ​ហ៊ាន​បើករថយន្ត​បំ​បុក​រថយន្ត​ស៊ី​រ៉ែ​ន​របស់​សមត្ថកិច្ច​ថែមទៀត ។​

​ប្រភពព័ត៌មាន​ស្និទ្ធ​នឹង​សមត្ថកិច្ច​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​សមត្ថកិច្ច​ចាត់​បញ្ជូន​ជនសង្ស័យ​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​រួចមក ជនសង្ស័យ​ក៏ត្រូវ​បាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​ពីបទ​ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា និង​បញ្ជូន​សំណុំរឿង ព្រមទាំង​ជន​ត្រូវ​ចោទ​ទៅកាន់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តក្រចេះ​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀតថា នៅពេល​ជន​ត្រូវ​ចោទ​បានមក​ដល់ដៃ​ចៅក្រម​ស៊ើបសួរ​ហើយ​នោះ លោក អេង ចំនាប់ ដែលជា​ចៅក្រម​ស៊ើបសួរ​ក្នុង​សំណុំរឿង​ក្តី​នេះ​ក៏បាន​សម្រេច​មិន​ឃុំខ្លួន​បណ្តោះអាសន្ន និង​ដោះលែង​ជន​ត្រូវ​ចោទ​ឲ្យ​មាន​សេរីភាព​វិញ ដោយ​គ្រាន់​បង្គាប់​ឲ្យ​តម្កល់​ប្រាក់​ចំនួន​១​លាន​រៀល​ទុក​ធានា​សំណង​រថយន្ត​របស់​ស​ម​ត្ថ​កិច្ច​ដែល​រង​ការខូចខាត ។​

​ព័ត៌មាន​បង្ហើប​ប្រាប់​ពី​ស្ថាប័ន​តុលាការខេត្ត​ក្រចេះ​បាន​ឲ្យ​ដឹងថា ចំណាត់ការ​ដោះលែង​ជន​ត្រូវ​ចោទ​ឲ្យ​មាន​សេរីភាព​ដោយ​លោក​ចៅក្រម អេង ចំនាប់ ក្នុងនាម​ជា​ចៅក្រម​ស៊ើបសួរ​នោះ បាន​បង្ក​ឲ្យ​មានប្រតិកម្ម និង​រិះគន់​ខ្លាំងៗ​ពី​សំណាក់​លោក​ចៅក្រម ឌិន ស៊ី​វុទ្ធី ជា​ប្រធាន​សាលាដំបូង​ខេត្តក្រចេះ​, លោក កែវ សុជាតិ ជា​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ និង​លោក ជា សុភ័ក្ត្រ ជា​ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ រហូតដល់​ថ្នាក់​លោក ជា សុភ័ក្ត្រ ជា​ព្រះរាជអាជ្ញារង​ទទួលបន្ទុក​បាន​ថ្លែងថា «​ការដោះលែង​ជន​ត្រូវ​ចោទ​នេះ​ពិត​ជាមាន​ភាពមិនប្រក្រតី​លើ​នីតិវិធី​ប្រាកដ​មែន ។ ស្ថាប័ន​អយ្យការ​នឹង​ប្តឹង​ជំទាស់​ករណីនេះ​ទៅកាន់​សាលាឧទ្ធរណ៍​បន្តទៀត ។​» ។

​រឿងរ៉ាវ​ដោះលែង​ជន​ត្រូវ​ចោទ​ដែល​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​ថ្លើមធំ​ហ៊ាន​បើករថយន្ត​បំ​បុក​រថយន្ត​របស់​សមត្ថ​កិច្ច​ពេល​កំពុង​បំពេញបេសកកម្ម​ឲ្យ​មាន​សេរីភាព​នេះ ត្រូវបាន​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ​ធ្វើ​របាយការណ៍​លើកឡើង​អំពី​ចំណាត់​ការមិន​ប្រក្រតី​របស់លោក​ចៅក្រម អេង ចំនាប់ គោរព​ជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​រួចហើយៗ​មន្ត្រី​ជំនាញ​ក្រសួងយុត្តិធម៌​កំពុង​សិក្សា​ស៊ើបអង្កេត ។​

​លោក អេង ចំនាប់ ជា​សិស្ស​ចៅក្រម​ជំនា​ន់ទី​៤​សាលា​ភូមិន្ទ​ចៅក្រម​នៃ​រាជបណ្ឌិត្យសភា​វិជ្ជាជីវៈ​តុលាការ និង​ត្រូវបានតែងតាំង​ជា​ចៅក្រម​កម្មសិក្សា​បម្រើការ​ងារ​នៅ​សាលាដំបូង​ខេត្តរតនគិរី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៣១១/២៣៣ ចុះ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១១ ហើយក៏​ត្រូវបាន​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​អង្គចៅក្រម​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តរតនគិរី ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០៦១២/៥៩១ ចុះ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១២ ។

​ក្រោយមក លោក​ចៅក្រម អេង ចំនាប់ ត្រូវបានធ្វើ​សមាហរណកម្ម​ទៅក្នុង​ឋានន្តរស័ក្តិ​អនុ​ចៅក្រម​ថ្នាក់​លេខ​២ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/១២១៦/១១៨២ ចុះ​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ និង​ក៏​ត្រូវបាន​ផ្ទេរ​មុខតំណែង​ពី​ចៅក្រម​សាលាដំបូង​ខេត្តរតនគិរី​ឲ្យ​មក​បម្រើ​ការងារ​ជា​ចៅក្រម​សាលាដំបូង​ខេត្តក្រចេះ​វិញ ដោយ​ព្រះរាជក្រឹត្យ​លេខ​នស​/​រកត​/០២១៧/២៤៦ ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ៕​

Filed in: Feature, តុលាការ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.