ថ្ងៃ អង្គារ ទី ០១ ខែ ធ្នូ ឆ្នាំ ២០២០

អ្នកប្រព្រឹត្ត​ទើប​ដឹង ! បុរស​ខ្លាំង​ទស្សន៍ទាយ​ទុក​មុន​ថា គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ជាង​៩៩​ភាគរយ​នឹងត្រូវ​រលាយ​មុន​កាត់ទោស​មេបក្ស​

ក្នុងឱកាស​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​នៅ​សាល​មហោស្រព​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៧​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា (CPP) បាន​ថ្លែង​របៀប​ទស្សន៍ទាយ​ទុកជាមុន​ថា ជាង​៩៩​ភាគរយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) នឹងត្រូវ​រលាយ ដោយ​មិនអាច​យក​សហគមន៍​អន្តរជាតិ​មក​ដាក់​សម្ពាធ​បានឡើយ ។ លើសពីនេះ បុរស​ខ្លាំង​ក៏បាន​ប្រកាស​ឲ្យ​ដឹង​ដែរ​ថា នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រលាយ​ក្រោម​ការចោទប្រកាន់ថា «​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​» នោះ គឺ​មេឃុំ​-​ចៅសង្កាត់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រក្សា​មុខតំណែង​ដដែល​ប្រសិនបើ​យល់ព្រម​មក​រួមរស់​បម្រើ​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ។

​ដោយឡែក សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​-NEC) ចំនួន​៤​នាក់ ដែលមាន​ប្រភព​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ ត្រូវបាន​បុរស​ខ្លាំង​អះអាងថា មិនមាន​ការបាត់បង់​តំណែង​ទេ នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រលាយ ពីព្រោះ​អ្នក​ទាំង​នោះបាន​លាលែង​ពី​គណបក្ស​អស់​ទៅហើយ ។​

​ប្រការ​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែរនោះ គឺ​បុរស​ខ្លាំង​ក៏បាន​បង្ហើប​ឲ្យ​ដឹង​មុន​ដំណើរការ​នីតិវិធី​របស់​ស្ថាប័ន​តុលាការ​ទៀតថា «​គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​រលាយ ហើយ​ការ​រលាយ​នេះ​គឺធ្វើឡើង​មុន​ការវិនិច្ឆ័យ​ទោស​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ទៅទៀត​» ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ព្រោះតែ​ផលប្រយោជន៍​មុខតំណែង​របស់ខ្លួន អាចមាន​សមាជិក សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​យ៉ាងហោចណាស់​ក៏​ពាក់កណ្តាល​ដែរ​នឹង​សម្រេចចិត្ត​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ស្ថាប័ន​តុលាការ​កំពូល​សម្រេច​រំ​លាយ​ចោល​តាម​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​នោះ ។​

​គួរ​រំលឹក​ជូន​ថា នា​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ កាលពី​ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ គណបក្ស​សង្គ្រោះ​ជាតិ​ទទួលបាន​អាសនៈ​សមាជិក សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅ​ទូទាំងប្រទេស​សរុប​ចំនួន​៥ ០០៧​នាក់ ដែល​ក្នុងនោះ​មាន​មេឃុំ​-​ចៅសង្កាត់ ចំនួន​៤៨៩​នាក់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.