កូនប្រុសលោកឧកញ៉ាថៅកែត្រីនាំចូលពីប្រទេសវៀតណាមដ៏ល្បីឈ្មោះម្នាក់ត្រូវបានសមត្ថកិច្ចមន្ត្រីនគរបាលយុត្តិធម៌នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៧កន្លងទៅថ្មីៗក្រោមការចោទប្រកាន់ពីបទរំលោភលើទំនុកចិត្តក្នុងទំហំទឹកប្រាក់២៣០ ៨២០ដុល្លារអាមេរិក ប្រព្រឹត្តនាអំឡុងខែមករា ឆ្នាំ២០១៧នៅចំណុចព្រំដែនខេត្តអានយ៉ាង ប្រទេសវៀតណាម-កម្ពុជា ហើយបានបញ្ជូនសំណុំរឿងមកកាន់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តែត្រូវបានផ្ទេរសមត្ថកិច្ចទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែងវិញ និងក៏ត្រូវបានលោក មាស សុភក្តិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែងសម្រេចដោះលែងឲ្យមានសេរីភាពនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះតែម្តង ។
ប្រភពព័ត៌មានច្បាស់ការណ៍ពីអយ្យការអមសាលាដំបូងខេត្តព្រៃវែងបានឲ្យដឹងថា ដើមបណ្តឹងនៅក្នុងសំណុំរឿងរំលោភលើទំនុកចិត្តក្នុងទំហំទឹកប្រាក់ជាង២៣ម៉ឺនដុល្លារអាមេរិកនេះ មានឈ្មោះ ត្រឹង ខាញ់ង្វៀន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម និងជនសង្ស័យមានឈ្មោះ ងួន សុខហេង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ត្រូវជាកូនប្រុសរបស់លោកឧកញ៉ា ហុក ជ្រា ។ នៅចំពោះមុខសមត្ថកិច្ចតុលាការ ជនសង្ស័យឈ្មោះ ងួន សុខហេង បានទទួលស្គាល់ថា ខ្លួនព្រមព្រៀងគ្នាជាមួយឈ្មោះ ត្រឹង ខាញ់ង្វៀន ធ្វើការទិញ-លក់ត្រីទីឡាប់យ៉ា ពីប្រទេសវៀតណាមមកលក់ចែកចាយនៅទីផ្សារប្រទេសកម្ពុជាក្នុងទំហំទឹកប្រាក់ចំនួន២៣០ ៨២០ដុល្លារអាមេរិក តែមិនទាន់បានទូទាត់ឲ្យទៅឈ្មោះ ត្រឹង ខាញ់ង្វៀន ជាភាគីអ្នកលក់នៅឡើយ ។
ការណ៍ដែលលោក មាស សុភក្តិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រៃវែងសម្រេចដោះលែងជនសង្ស័យឈ្មោះ ងួន សុខហេង ត្រូវជាកូនប្រុសលោកឧកញ៉ា ហុក ជ្រា ឲ្យមានសេរីភាពវិញ ដោយដីកាលេខ១១៦អក/ពវ១៧ ចុះថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ គឺដោយសម្អាងថាជាប្រភេទវិវាទរដ្ឋប្បវេណី មិនមែនជាបទល្មើសរំលោភលើទំនុកចិត្តនោះទេ ។
លោក ហុក ជ្រា ដែលជាឪពុករបស់ជនសង្ស័យឈ្មោះ ងួន សុខហេង គឺជាឈ្មួញត្រីនាំចូលពីប្រទេសវៀតណាមមកលក់ចែកចាយលើទីផ្សារប្រទេសកម្ពុជាដ៏ល្បីឈ្មោះ និងក៏ជាឈ្មួញជួយជ្រោមជ្រែងគណបក្សប្រជាជនកម្ពុជាយ៉ាងសកម្មដែលទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៥/១១៩០ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ ៕