ទីភ្នាក់ងារសារព័ត៌មាន CNN បានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Ford Motor Company របស់សហរដ្ឋអាមេរិកបានប្រកាសប្រមូលយករថយន្តចំនួន១,៣លានគ្រឿងបញ្ជូនត្រឡប់មករោងចក្រវិញ ដោយសាររថយន្តទាំងនោះមានបញ្ហាបច្ចេកទេសគន្លឹះទ្វារដែលបណ្តាលឲ្យរបើកបានឯកឯងនៅពេលរថយន្តកំពុងចរាចរណ៍ និងមិនអាចឲ្យអ្នកបើកបររថយន្តបើកបាននៅពេលត្រូវការបើក ហើយអាចបង្កឲ្យមានគ្រោះថ្នាក់ ។
រថយន្តចំនួន១,៣លានគ្រឿងដែលត្រូវប្រមូលយកមកបញ្ជូនត្រឡប់ចូលរោងចក្រវិញនោះ គឺជាប្រភេទរថយន្ត F-150 Pickup (ជាប្រភេទរថយន្តអាចផ្ទុកឥវ៉ាន់នៅផ្នែកខាងក្រោយបាន) ផលិតស៊េរីឆ្នាំ២០១៥ ឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលកំពុងលក់ដាច់ខ្លាំងនៅសហរដ្ឋអាមេរិក ។
ក្រុមហ៊ុន Ford Motor Company បានប្រកាសប៉ាន់ស្មានឲ្យដឹងថា ក្រុមហ៊ុននឹងត្រូវចំណាយទឹកប្រាក់អស់ប្រមាណ២៦៧លានដុល្លារអាមេរិកដើម្បីជួសជុលប្រព័ន្ធបច្ចេកទេសគន្លឹះទ្វារដែលមានបញ្ហារបស់រថយន្តទាំងនោះឡើងវិញ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងទៅ រថយន្តប្រភេទ F-150 Pickup ផលិតដោយក្រុមហ៊ុន Ford Motor Company បានលក់ដាច់លើទីផ្សារសហរដ្ឋអាមេរិកមានចំនួន៨២ម៉ឺនគ្រឿង ៕