គេហទំព័រសារព័ត៌មាន Sputniknews របស់រុស្ស៊ីបានផ្សព្វផ្សាយកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះឲ្យដឹងថា កម្លាំងយោធាជើងអាកាសអ៊ីស្រាអែលបានប្រកាសថា យន្តហោះចម្បាំងរបស់ខ្លួនដែលបំពេញភារកិច្ចយាមល្បាតនៅដែនអាកាសប្រទេសលីបង់រងការបាញ់ប្រហារដោយមីស៊ីលការពារដែនអាកាសរបស់ប្រទេសស៊ីរី ប៉ុន្តែយន្តហោះបានគេចផុតពីគ្រាប់មីស៊ីលដោយជោគជ័យ ហើយក៏វាយបកវិញទៅលើទីតាំងដែលបាញ់មីស៊ីលនោះបណ្តាលឲ្យប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ប្រទេសស៊ីរីនៅទីក្រុង Damascus រងការខូចខាត ។
ភាគីប្រទេសអ៊ីស្រាអែលបានទម្លាក់កំហុសទៅលើភាគីប្រទេសស៊ីរីដែលបាញ់ប្រហារមកលើយន្តហោះចម្បាំងរបស់ខ្លួនមុន ទើបខ្លួនវាយបកវិញដើម្បីការពារខ្លួន ខណៈភាគីប្រទេសស៊ីរីមិនទាន់ឃើញមានប្រតិកម្មអ្វីនៅឡើយពាក់ព័ន្ធនឹងហេតុការណ៍នេះ ។
មិនទាន់បានដឹងថា កម្លាំងទាហានជើងអាកាសរបស់អ៊ីស្រាអែលបានប្រើប្រាស់យន្តហោះចម្បាំងចម្បាំងបំពាក់មីស៊ីលប្រភេទមួយណាដែលបាញ់បំផ្លាញប្រព័ន្ធមីស៊ីលការពារដែនអាកាសរបស់ប្រទេសស៊ីរីនោះនៅឡើយទេ ខណៈប្រទេសអ៊ីស្រាអែលមានយន្តហោះចម្បាំងទំនើបៗជាច្រើនដែលបញ្ជាទិញពីសហរដ្ឋអាមេរិក ដូចជា F-15, F-16 និង F-35 ។ល។
សេចក្តីរាយការណ៍បានឲ្យដឹងថា ប្រទេសស៊ីរីមានប្រព័ន្ធមីស៊ីលការពារដែនអាកាសចំនួន៦២ប្រព័ន្ធដែលបញ្ជាទិញពីរុស្ស៊ី ដូចជា Pansir S1, Buk-M1 និង S-200 ។ ក្រៅពីនេះ ស៊ីរីក៏មានប្រព័ន្ធមីស៊ីលការពារដែនអាកាសធុន S-300 និង S-400 ដែលទិញពីរុស្សីផងដែរ ប៉ុន្តែប្រព័ន្ធមីស៊ីលទាំងនោះទុកគ្រាន់ការពារកងកម្លាំង និងទីតាំងទាហានរុស្ស៊ីឈរជើង និងបោះទីតាំងនៅប្រទេស៊ីរីប៉ុណ្ណោះ ៕