គេហទំព័រសារព័ត៌មាន Theguardian បានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ម្សិលមិញនេះឲ្យដឹងថា សហរដ្ឋអាមេរិកបានសម្រេចចិត្តដកខ្លួនថយចេញពីអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ ហៅកាត់ថា យូណេស្កូ (UNESCO) ដោយសារតែសហរដ្ឋអាមេរិកយល់ឃើញថា អង្គការ UNESCO មានភាពលម្អៀងប្រឆាំងនឹងប្រទេសអ៊ីស្រាអែលជាសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងរឿងបោះឆ្នោតគាំទ្រទទួលយកប្រទេសប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិអង្គការ UNESCO ដែលជាប្រទេសសត្រូវជាមួយប្រទេសអ៊ីស្រាអែល ។
បន្ទាប់ពីសហរដ្ឋអាមេរិកសម្រេចចិត្តដកខ្លួនថយចេញពីអង្គការ UNESCO នោះ លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែលក៏បានប្រកាសដែរថា នឹងចូលរួមជាមួយសហរដ្ឋអាមេរិកក្នុងការដកខ្លួនថយចេញពីអង្គការ UNESCO ។
សេចក្តីរាយការណ៍បានឲ្យដឹងថា សហរដ្ឋអាមេរិកបានឈប់បង់ប្រាក់សមាជិកភាពឲ្យអង្គការ UNESCO តាំងពីឆ្នាំ២០១១ ក្រោយពេលអង្គការនេះបោះឆ្នោតគាំទ្រទទួលយកប្រទេសប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិអង្គការ UNESCO ខណៈរហូតមកទល់នឹងពេលនេះសហរដ្ឋអាមេរិកបានជំពាក់ប្រាក់អង្គការ UNESCO ប្រមាណ៥៥០លានដុល្លារនៅឡើយ ៕