ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះឲ្យដឹងថា រុស្ស៊ីបានធ្វើការតវ៉ាទៅនឹងសហរដ្ឋអាមេរិកបន្ទាប់ពីទង់ជាតិរុស្ស៊ីត្រូវបានចោរលួចបាត់ពីស្ថានកុងស៊ុលរុស្ស៊ីមានទីតាំងឋិតនៅទីក្រុង San Francisco នៃសហរដ្ឋអាមេរិក ។
សេចក្តីរាយការណ៍បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំសហរដ្ឋអាមេរិកបានសរសេរនៅលើបណ្តាញសង្គម Twitter ជាភាសារុស្ស៊ីដែលមានខ្លឹមសារថា «ព្រឹត្តិការណ៍ដ៏គួរឲ្យខ្មាសអៀនថ្មីបំផុត ! ទង់ជាតិរុស្ស៊ីត្រូវបានចោរលួចចេញពីអគារស្ថានកុងស៊ុលនៅទីក្រុង San Francisco» ។
គួររំលឹកជូនថា ក្នុងសកម្មភាពជាផ្នែកមួយនៃការសងសឹកគ្នាទៅវិញទៅមកផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី គឺកាលពីខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ បុគ្គលិកទូតរបស់រុស្ស៊ីបានចាកចេញអស់ពីស្ថានកុងស៊ុលឋិតនៅទីក្រុង San Francisco បន្ទាប់ពីទីក្រុង Washington បានបញ្ជាឲ្យទីក្រុង Moscow ទុកទំនេរចោលនៅអគារស្ថានកុងស៊ុលខ្លះ ៕