គេហទំព័រសារព័ត៌មាន RT របស់រុស្ស៊ីបានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧នេះឲ្យដឹងថា ក្រៅពីបានចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកដែលបញ្ជូននាវាចម្បាំងបំពាក់មីស៊ីល USS Chafee ចល័តចូលក្បែរប្រជុំកោះមានជម្លោះនៅដែនសមុទ្រចិនខាងត្បូងថា ជាការបំផ្លាញអធិបតេយ្យភាព និងផលប្រយោជន៍សន្តិសុខរបស់ចិននោះ គឺក្រសួងការពារជាតិចិនក៏បានចាត់បញ្ជូននាវាច្បាំងបំពាក់មីស៊ីលមួយគ្រឿង យន្តហោះចម្បាំងពីរគ្រឿង និងឧទ្ធម្ភាគចក្រមួយគ្រឿងទៅព្រមាននាវាចម្បាំងសហរដ្ឋអាមេរិកជាការឆ្លើយតបវិញ ។
ប្រតិកម្មរបស់ក្រសួងការពារជាតិចិនយ៉ាងម៉ឺងម៉ាត់ដូចនេះ បានកើតមានឡើងបន្ទាប់ពីនាវាចម្បាំងបំពាក់មីស៊ីលរបស់សហរដ្ឋអាមេរិក USS Chafee បានចល័តចូលក្បែរប្រជុំកោះ Paracel ចម្ងាយប្រមាណជាង២០គីឡូម៉ែត្រក្នុងដែនសមុទ្រចិនខាងត្បូងកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧កន្លងទៅថ្មីៗ ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិចិនបានលើកឡើងថា ប្រឈមមុខនឹងសកម្មភាពបង្ករឿងច្រំដែលពីសំណាក់សហរដ្ឋអាមេរិក គឺយោធាចិននឹងពង្រឹងការត្រៀមលក្ខណៈប្រយុទ្ធនាថ្ងៃអនាគតនៅឯតំបន់សមុទ្រ អាកាស ក្នុងន័យលើកកម្ពស់សមត្ថភាពការពារដែនអធិបតេយ្យភាពជាតិ និងផលប្រយោជន៍សន្តិសុខចិននៅក្នុងតំបន់ ។
លោកស្រី Hua Chunying មន្ត្រីអ្នកនាំពាក្យក្រសួងការពារជាតិចិនបានគូសបញ្ជាក់ថា ការធ្វើនាវាចររបស់នាវាចម្បាំងសហរដ្ឋអាមេរិកនៅក្នុងតំបន់ដែនទឹកមានជម្លោះ គឺជាការរំលោភបំពាន់លើច្បាប់របស់ចិន និងច្បាប់អន្តរជាតិ ព្រមទាំងបំផ្លាញអធិបតេយ្យភាព ផលប្រយោជន៍សន្តិសុខ និងគំរាមកំហែងដល់អាយុជីវិតរវាងយោធានៃប្រទេសទាំងពីរ ។
ទោះយ៉ាងណាក៏ដោយ រាល់សកម្មភាពធ្វើនាវាចររបស់នាវាចម្បាំងសហរដ្ឋអាមេរិកចូលដែនទឹកមានជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូងនោះ ត្រុវបានយោធាសហរដ្ឋអាមេរិកអះអាងថា ជាដំណើរការសកម្មភាពបង្ហា្ញញពីសេរីភាពនាវាចរនៅក្នុងតំបន់ដែនទឹកអន្តរជាតិ ស្របតាមច្បាប់អន្តរជាតិ ។
គួរបញ្ជាក់ជូនថា នាវាចម្បាំងសហរដ្ឋអាមេរិក USS Chafee មានបំពាក់នូវអាវុធមីស៊ីលវាយលុកដ៏មានអានុភាពធុន Tomahawk ព្រមទាំងមានផ្ទុកឧទ្ធម្ភាគចក្រប្រយុទ្ធចំនួន២គ្រឿងទៀតផង ៕