កូនប្រុសបង្កើតម្នាក់របស់ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល និងជាសហប្រធានក្រុមអធិការកិច្ចនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម (អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញរយៈពេល៩ឆ្នាំ និងអតីតជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម) ដែលឋិតក្នុងក្របខ័ណ្ឌព្រះរាជអាជ្ញាបម្រើការងារនៅក្រសួងយុត្តិធម៌ គឺលោក កេង សុម៉ារិទ្ធ ទទួលបានការតែងតាំងមុខតំណែងថ្មីជា នាយកសាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ មានឋានៈស្មើអនុរដ្ឋលេខាធិការ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៧/៧០៨ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ ពោលគឺមានងារជា «ឯកឧត្តម» ។
លោក កេង សុម៉ារិទ្ធ ត្រូវជាកូនប្រុសបង្កើតរបស់ឯកឧត្តម ជីវ កេង អតីតជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងអតីតជាប្រធានសាលាដំបូងរាជធានីភ្នំពេញដ៏មានឥទ្ធិពល គឺជាសិស្សចៅក្រមជំនាន់ទី៤សាលាភូមិន្ទចៅក្រមនៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ និងត្រូវបានតែងតាំងជាចៅក្រមកម្មសិក្សាបម្រើការងារនៅសាលាដំបូងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខនស/រកត/០៣១១/២៣៣ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០១១ និងទទួលបានការតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រម និងបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកណ្តាល ដោយព្រះរាជក្រឹត្យលេខនស/រកត/០៦១២/៥៩១ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ។
បន្ទាប់ពីបានតាំងស៊ប់ក្នុងក្របខ័ណ្ឌអង្គចៅក្រម និងបម្រើការងារជាចៅក្រមសាលាដំបូងខេត្តកណ្តាលរយៈពេលប្រមាណ០៣ខែ លោកចៅក្រម កេង សុម៉ារិទ្ធ ក៏ត្រូវបានដាក់ឲ្យឋិតនៅក្នុងភាពទំនេរគ្មានបៀវត្សរ៍រយៈពេល១ឆ្នាំ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១២ ដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៣ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១២/៩៩៧ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ ។
ក្រោយមក លោក កេង សុម៉ារិទ្ធ ត្រូវបានផ្ទេរមុខតំណែងពីចៅក្រមសាលាដំបូងខេត្តកណ្តាលឲ្យមកបម្រើការងារនៅក្រសួងយុត្តិធម៌ (ក្លាយជាក្របខ័ណ្ឌព្រះរាជអាជ្ញា) ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៤/១២០៧ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ ។
រយៈពេលប្រមាណ២ឆ្នាំក្រោយមកទៀត លោក កេង សុម៉ារិទ្ធ ត្រូវបានធ្វើសមាហរណកម្មទៅក្នុងឋានន្តរស័ក្តិអនុព្រះរាជអាជ្ញាថ្នាក់លេខ២ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២១៦/១១៨២ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ៕