ទន្ទឹមនឹងសំឡេងគាំទ្រគណបក្សសង្គ្រោះជាតិ (CNRP) ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំតែមួយគត់នៅកម្ពុជា និងមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ចំនួន៥៥អាសនៈចេះតែកើនឡើងជាលំដាប់នោះ រលកសម្ពាធបង្កឡើងតាមគ្រប់រូបភាព និងគ្រប់វិធីរបស់គណបក្សប្រជាជនកម្ពុជា (CPP) ដែលជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជាមកលើគណបក្សនយោបាយប្រឆាំងមួយនេះក៏ចេះតែកើតមានជាន្តបន្ទាប់ដែរ រហូតដល់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិរស់នៅស្រុកខ្មែរលែងបាន និងឯកឧត្តម កឹម សុខា ទើបតែឡើងកាន់តំណែងជាប្រធានគណបក្សថ្មីៗជំនួសលោក សម រង្ស៊ី ក៏ត្រូវជាប់ពន្ធនាគារក្រោមការចោទប្រកាន់ពីបទសន្ទិដ្ឋិជាមួយបរទេស ព្រមទាំងគណបក្សសង្គ្រោះជាតិក៏បានប្រឈមនឹងការប្តឹងទៅស្ថាប័នតុលាការកំពូលដើម្បីរំលាយចោលតាមសំណើជាល្បែងរបស់គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា ដែលជាគណបក្សនយោបាយដង្ហែគាំទ្រគណបក្សប្រជាជនកម្ពុជា ។
សំណួរត្រូវបានចោទសួរនៅក្នុងស្រទាប់មជ្ឈដ្ឋានអ្នកវិភាគនយោបាយ និងស្ថានការណ៍សង្គមកម្ពុជាថា តើគណបក្សសង្គ្រោះជាតិអាចរលាយបាត់ពីពិភពនយោបាយក្រោមមហិច្ឆតាប៉ុនប៉ងរំលាយរបស់គណបក្សប្រជាជនកម្ពុជាដែរឬទេ ? បើរំលាយគណបក្សសង្គ្រោះជាតិមែននោះ តើប្រទេសជាតិចំណេញអ្វី គណបក្សប្រជាជនកម្ពុជាចំណេញអ្វី និងខាតបង់អ្វី ?
ពិតណាស់ ក្រៅពីមានអាសនៈនៅក្នុងរដ្ឋសភានីតិកាលទី៥ចំនួន៥៥អាសនៈ និងអាសនៈសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន៥ ០០៧ ព្រមទាំងមានសមាសភាពនៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បច្ចុប្បន្ន គឺនាសម័យបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ឆ្នាំ២០១៧កន្លងទៅ គណបក្សសង្គ្រោះជាតិទទួលបានសំឡេងឆ្នោតគាំទ្របានការចំនួនជាង៣លានសំឡេង ហើយក៏មានន័យថា គណបក្សសង្គ្រោះជាតិជាគណបក្សនយោបាយតំណាងឲ្យប្រជាពលរដ្ឋកម្ពុជាជាម្ចាស់ឆ្នោតចំនួនជាង៣លាននាក់ ។ ដូច្នេះ ការរំលាយគណបក្សសង្គ្រោះជាតិ គឺស្មើនឹងរំលាយតំណាងរាស្ត្រចំនួន៥៥នាក់នៅក្នុងរដ្ឋសភានីតិកាលទី៥ ស្មើនឹងរំលាយសមាសភាពគ.ជ.ប ចំនួន៤នាក់ និងស្មើនឹងរំលាយសមាជិក សមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន៥ ០០៧នាក់ ព្រមទាំងស្មើនឹងរំលាយសំឡេងរបស់ពលរដ្ឋម្ចាស់ឆ្នោតចំនួនជាង៣លាននាក់ដែរ ។
ចរន្តនៃការប៉ុនប៉ងរំលាយគណបក្សសង្គ្រោះជាតិ គឺកើតឡើងបន្ទាប់ពីរាជរដ្ឋាភិបាលចាប់ខ្លួនឯកឧត្តម កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម ដាក់ពន្ធនាគារកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅក្រោមការចោទប្រកាន់ពីបទក្បត់ជាតិ (សន្ទិដ្ឋិជាមួយបរទេស) ព្រមទាំងគំរាមស៊ើបអង្កេតស្រាវជ្រាវទៅលើជនពាក់ព័ន្ធផ្សេងៗទៀតផង ។
មជ្ឈដ្ឋានអ្នកវិភាគនយោបាយនៅកម្ពុជាបានបញ្ចេញទស្សនៈថា បើទោះបីមានគណបក្សនយោបាយមួយចំនួនប្រកាសចង់ដើរតួជាគណបក្សនយោបាយប្រឆាំងជំនួសគណបក្សសង្គ្រោះជាតិក្តី គឺការរំលាយគណបក្សសង្គ្រោះជាតិ ស្មើនឹងការបាត់បង់ដៃគូដ៏មានន័យសម្រាប់ប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាឆ្ពោះទៅរកការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ខាងមុខ (ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជាស្មើនឹងគ្មានន័យ និងគ្មានសេចក្តីថ្លៃថ្នូរ ព្រោះខ្លាំងក្នុងចំណោមបក្សខ្សោយ និងប្រើល្បិចកលគ្រប់យ៉ាងដើម្បីរំលាយបក្សដៃគូដែលខ្លាំង ដែលខ្លួនញញើត) ។ ម្យ៉ាងទៀត សហគមន៍អន្តរជាតិក៏ទំនងនឹងមិនមើលរំលងអំពីករណីនេះដែរ ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជាបានលើកឡើងថា ក្រៅពីមិនចង់បន្ទន់ឥរិយាបទទន់ភ្លន់ជាមួយគណបក្សប្រជាជនកម្ពុជាចំពោះអ្វីដែលមិនអាចទទួលយកបាននោះ គឺការស្រោចស្រង់គណបក្សសង្គ្រោះជាតិមិនឲ្យរលាយបាត់រូបរាងត្រូវពឹងលើការលះបង់ជាមួយនឹង «សម្តីមួយម៉ាត់» របស់ឯកឧត្តម កឹម សុខា ដែលកំពុងជាប់ឈ្មោះជាជនត្រូវចោទនៅស្ថាប័នតុលាការថា «ជារឿងរបស់ឯកឧត្តមតែម្នាក់ មិនពាក់ព័ន្ធដល់អ្នកដទៃ ឬគណបក្សឡើយ» នៅចំពោះមុខតុលាការ ។ ការលះបង់របស់ឯកឧត្តម កឹម សុខា ស្នើនឹងចាត់ទុកថាដើម្បីសំឡេងប្រជាពលរដ្ឋជាង៣លាននាក់ ឬច្រើនជាងនេះទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ឆ្នាំ២០១៨ខាងមុខ ។
សរុបសេចក្តីមក ដើម្បីផលប្រយោជន៍ប្រជាជាតិកម្ពុជា គឺគណបក្សសង្គ្រោះជាតិ (CNRP) ដាច់ខាតមិនអាចរលាយបានឡើយ ហើយការលះបង់របស់បុគ្គលដើម្បីភាពរស់រាន និងរឹងមាំរបស់គណបក្សត្រូវចាត់ទុកថាជាអ្នកមានវីរភាពខ្ពង់ខ្ពស់ពិតប្រាកដ ៕