គេហទំព័រ News របស់អូស្ត្រាលី បានផ្សព្វផ្សាយនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧នេះឲ្យដឹងថា ក្រុមហ៊ុន Toyota Motor Corporation ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុនបានបិទទ្វាររោងចក្រទាំងស្រុងនៅប្រទេសអូស្ត្រាលី បន្ទាប់ពីបានដំណើរការអស់រយៈពេល៥៤ឆ្នាំមកហើយ ។
ប្រទេសអូស្ត្រាលី គឺជាប្រទេសទីមួយក្លាយជាទីផ្សារផលិតរថយន្តរបស់ក្រុមហ៊ុនជប៉ុន Toyota តាំងពីឆ្នាំ១៩៦៣មក ជាមួយនឹងរថយន្តច្រើនលានគ្រឿងត្រូវបានផលិត ។
ក្រុមហ៊ុន Holden ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន General Motors បានប្រកាសថា នឹងបិទទ្វាររោងចក្របញ្ឈប់ការផលិតរថយន្តនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ ។
ខ្សែចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន Toyota នៅប្រទេសអូស្ត្រាលីបានឡើងដល់ចំណុចកំពូលកាលពីអំឡុងឆ្នាំ២០០៧ ដោយផលិតរថយន្តបានរហូតដល់ទៅ១៤៩ ០០០គ្រឿង ក្នុងនោះរថយន្តចំនួន៧០ភាគរយត្រូវបានលក់ចេញទៅកាន់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា ៕