ថ្ងៃ អាទិត្យ ទី ២១ ខែ មេសា ឆ្នាំ ២០១៩

ជំពាក់​ទៀតហើយ ! ADB ផ្តល់ប្រាក់​កម្ចី​ចំនួន​៧០​លាន​ដុល្លារ​ឲ្យ​កម្ពុជា ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ការគ្រប់គ្រង​ប្រព័ន្ធ​គមនាគមន៍

យោងតាម​សេចក្តីប្រកាស​របស់​ធនា​គារ​អភិវឌ្ឍន៍អាស៊ី (ADB) នា​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ​ឲ្យ​ដឹងថា ក្រុមប្រឹក្សាភិបាល​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី​បាន​យល់ព្រម​ផ្តល់​ប្រាក់កម្ចី​ចំនួន​៧០​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ធ្វើ​ឲ្យ​វិស័យ​គមនាគមន៍ និង​ដឹកជញ្ជូន​ក្នុងប្រទេស​កម្ពុជា​កាន់តែ​មាន​ប្រសិទ្ធភាព សុវត្ថិភាព និង​ធន់​នឹង​គ្រោះមហន្តរាយ ជាពិសេស​ការកែលម្អ​ផ្លូវជាតិ​ក្នុង​ខេត្តព្រៃវែង សៀមរាប និង​ស្វាយរៀង ដែលជា​ខេត្ត​ឋិត​នៅតាម​បណ្តោយ​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​នៃ​មហា​អនុតំបន់​ទន្លេមេគង្គ (GMS) ។​

​លោកស្រី Oyunchimeg Erdene អ្នកឯកទេស​ជាន់ខ្ពស់​ផ្នែក​គមនាគមន៍​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី​បាន​មានប្រសាសន៍ថា «​នៅ​កម្ពុជា ផ្លូវថ្នល់ គឺជា​ប្រភេទ​គមនាគមន៍​ចម្បង​ជាងគេ ដែល​ធ្វើការ​ដឹកជញ្ជូន​ផ្លូវថ្នល់​មាន​សារៈសំខាន់​ដល់​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ។ ប៉ុន្តែ អនុវិស័យ​ផ្លូវថ្នល់​ក្នុងប្រទេស​កម្ពុជា​នៅតែ​មិនមាន​ប្រសិទ្ធភាព និង​នៅមាន​លក្ខណៈ​បែកខ្ញែក​នៅឡើយ ។ ក្រៅពី​កែលម្អ​ផ្លូវថ្នល់​ដែលមាន​ស្រាប់​នៅក្នុង​ខេត្ត​គោលដៅ​ទាំងបី គម្រោង​នេះ​ក៏​នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវថ្នល់​ផងដែរ ។​» ។

​បណ្តាញ​ផ្លូវថ្នល់​នៅ​កម្ពុជា​បច្ចុប្បន្ន​មាន​កម្រិត​នៃ​ការតភ្ជាប់ និង​ប្រសិទ្ធភាព​ទាប ដោយសារតែ​ក្របខ័ណ្ឌ​គតិយុត្ត​នៅ​មិនទាន់មាន​ពេញលេញ សមត្ថភាព​ស្ថាប័ន​នៅមានកម្រិត​ទាប ការចូលរួម​របស់​វិស័យ​ឯកជន​នៅមានកម្រិត ហើយ​ទ្រព្យសម្បត្តិ​ផ្លូវថ្នល់​ទៀតសោត​នៅ​ខ្វះ​និរន្តរភាព ។ មាន​ផ្លូវជាតិ និង​ផ្លូវ​ខេត្ត​ប្រវែង​ជាង​១៥ ៤០០​គីឡូម៉ែត្រ​ដែល​ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ត្រូវការ​ជួសជុល និង​ស្តារឡើងវិញ ដើម្បី​លើកកម្ពស់​ការតភ្ជាប់​ទំ​នាក់​ទំនង​របស់​ប្រទេស​កម្ពុជា ជាពិសេស​ជាមួយ​បណ្តា​ប្រទេសជិតខាង​របស់ខ្លួន​នៅក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ ។​

​គម្រោង​កែលម្អ​បណ្តាញ​ផ្លូវថ្នល់​នេះ​នឹង​កែលម្អ​កំណាត់​ផ្លូវជាតិ​ប្រវែង​១៤៧​គីឡូម៉ែត្រ ដែលជា​កំណាត់​ផ្លូវ​គ្មាន​សុវត្ថិភាព និង​ងាយ​លិចលង់​ដោយសារ​ទឹកជំនន់ ហើយ​ក្នុងពេល​ជាមួយគ្នា​ក៏​ជួយ​ឲ្យ​ផ្លូវ​នេះ​អា​ចត​ភ្ជាប់​ទំនាក់ទំនង​គ្រប់​រដូវ​កាល និង​ធន់​ទៅនឹង​អាកាសធាតុ ។ គម្រោង​នេះ​នឹង​បង្កើន​សមត្ថភាព​របស់​រាជរដ្ឋាភិបាល​ដែលមាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ជា​សេនាធិការ ក្នុងការ​គ្រប់គ្រង​ទ្រព្យ​សម​ត្តិ​ផ្លូវថ្នល់​របស់ខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ​តាមរយៈ​ការកែលម្អ​ការប្រើប្រាស់ និង​ការថែទាំ ។ លើសពីនេះ​ទៀត គម្រោង​នេះ​ក៏​នឹង​ជួយ​បង្កើន​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​អំពី​សុវត្ថិភាព​ចរាចរណ៍ និង​ច្បាប់​ចរាចរណ៍​ផងដែរ ។​

​លក្ខណៈ​សំខាន់​គួរ​ឲ្យ​កត់សម្គាល់​មួយ​របស់​គម្រោង​នេះ គឺ​ការធ្វើ​តេស្ត​សាកល្បង​នៃ​កិច្ចសន្យា​អនុវត្ត​គម្រោង​ដែលមាន​លក្ខណៈ​កូនកាត់​សម្រាប់​ការងារ​ផ្លូវថ្នល់​ពាក់ព័ន្ធ​នឹង​ការសាងសង់ និង​ការថែទាំ​ជាប្រចាំ ដែល​ជួយ​បង្កើន​ការចូលរួម​របស់​វិស័យ​ឯកជន​ក្នុង​ការងារ​ថែទាំ​ផ្លូវ ។ គម្រោង​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​នៃ​ការគ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវថ្នល់​នៅក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការពង្រីក​វិសាលភាព​នៃ​ក្រុមហ៊ុន​ម៉ៅការ​ពីរ​នាក់​ប្រតិបត្តិ​គម្រោង​ទៅជា​អ្នកគ្រប់គ្រង​ផ្លូវ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.