លោក Meechai Ruchuphan អ្នកជំនាញច្បាប់ និងជាប្រធានគណៈកម្មការរៀបរៀងរដ្ឋធម្មនុញ្ញថៃ (CDC) ដែលដកស្រង់សម្តីដោយសារព័ត៌មាន Bangkok Post របស់ថៃឲ្យដឹងថា ប្រសិនបើលោកស្រី Yingluck Shinawatra ដែលជាប់ឈ្មោះជាជនជាប់ចោទចង់បន្តប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចរបស់តុលាការដែលវិនិច្ឆ័យសេចក្តីផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៥ឆ្នាំនោះ គឺលោកស្រីត្រូវតែមកបង្ហាញខ្លួនដោយផ្ទាល់នៅចំពោះមុខតុលាការ ដោយអនុលោមតាមបញ្ញត្តិមាត្រា៦១នៃច្បាប់ថ្មី ហើយបើលោកស្រីចង់វិលត្រឡប់ចូលមកក្នុងប្រទេសវិញនោះ ក៏នឹងត្រូវសមត្ថកិច្ចចាប់ខ្លួនដែរ ។
អ្នកជំនាញច្បាប់របស់ថៃអាយុ៧៩ឆ្នាំរូបនេះបានបញ្ជាក់ឲ្យដឹងទៀតថា អនុលោមតាមវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ២០១៧នេះ គឺបើលោកស្រី Yingluck Shinawatra សម្រេចវិលត្រឡប់មកអនុវត្តទោសជាប់ពន្ធនាគារកំណត់៥ឆ្នាំក្តី ក៏លោកស្រីត្រូវបានហាមឃាត់ការប្រឡូកធ្វើនយោបាយអស់មួយជីវិត ពីព្រោះលោកស្រីត្រូវបានតុលាការផ្តន្ទាទោសដោយយោងតាមច្បាប់របស់គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយ ។
កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗ តុលាការថៃបានប្រកាសសាលដីកាកំបាំងមុខផ្តន្ទាទោសលោកស្រី Yingluck Shinawatra ដាក់ពន្ធនាគារកំណត់៥ឆ្នាំ ពីបទពុករលួយក្នុងកម្មវិធីទិញស្រូវពីប្រជាកសិករក្នុងតម្លៃថ្លៃធ្វើឲ្យខាតបង់ថវិការដ្ឋប្រមាណ៨ពាន់លានដុល្លារអាមេរិក ។
ក្រុមអ្នកវិភាគនយោបាយនៅប្រទេសថៃបានលើកឡើងថា ទោះយ៉ាងណាក៏ដោយក៏លោកស្រី Yingluck Shinawatra អតីតនាយករដ្ឋមន្ត្រីថៃទំនងនឹងមិនសម្រេចចិត្តវិលត្រឡប់ចូលមកក្នុងប្រទេសថៃវិញដើម្បីអនុវត្តទោសតាមការសម្រេចសេចក្តីរបស់តុលាការថៃនោះឡើយ ហើយបើតាមប្រភពពីគណបក្សភឿថៃ (Pheu Thai Party) បានបញ្ជាក់ដែរថា លោកស្រីកំពុងស្វះស្វែងសុំសិទ្ធិជ្រកកោននយោបាយនៅប្រទេសអង់គ្លេស ។
លោកស្រី Yingluck Shinawatra អាយុ៥០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតរបស់លោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ បានជាប់ឆ្នោតកាន់តំណែងជានាយករដ្ឋមន្ត្រីថៃជាស្ត្រីដំបូងគេបង្អស់កាលពីឆ្នាំ២០១១ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលយោធាថៃសព្វថ្ងៃធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែងនាខែឧសភា ឆ្នាំ២០១៤ ៕