ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ចាញ់ ដកចេញ ! ខណ្ឌ​មួយ​នៃ​រាជធានី​ភ្នំពេញ​ដែល​បោះឆ្នោតក្រុមប្រឹក្សា​សង្កាត់​ចាញ់​គណបក្សប្រឆាំង​ទាំង​៦​សង្កាត់ ត្រូវបាន​ដកហូត​មុខតំណែង​អភិបាល​

​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​បច្ចុប្បន្ន គឺ​លោក ប៉ឹ​ល កុសល ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​ផ្ទេរ​ភារកិច្ច​ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​វិញ​ហើយ​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដោយ​អនុក្រឹត្យ​លេខ​១០៩៣​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៧ ខណៈ​តំណែង​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ ក៏ត្រូវ​បាន​ជំនួស​ដោយ​លោក ម៉ូ​វ ម៉ានិត ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​១ បច្ចុប្បន្ន​ជា​នាយក​រដ្ឋបាល​សាលាខេត្ត​ពោធិ៍សាត់ ។​

​ការដកហូត​មុខតំណែង​លោក ប៉ឹ​ល កុសល ពី​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​នេះ គឺ​កើតឡើង​បន្ទាប់ពី​ក្នុងចំណោម​សង្កាត់​ទាំង​៦​នៃ​ខណ្ឌ​សែន​សុខ (​ក្រាំងធ្នង់ ឃ្មួញ ភ្នំពេញ​ថ្មី ទឹកថ្លា គោក​ឃ្លាំង និង​អូរ​បែកក្អម​) នា​សម័យ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់​អាណត្តិ​ទី​៤ ថ្ងៃទី​០៤ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ដែលជា​គណបក្សនយោបាយ​កាន់កាប់​អំណាច​សព្វថ្ងៃ ទទួលបាន​លទ្ធផល «​ចាញ់​» គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដែលជា​គណបក្សនយោបាយ​ប្រឆាំង​យ៉ាង​ជូរចត់ ពោលគឺ​ចៅសង្កាត់​ទាំង​៦ និង​ជំទប់​ទី​១​សុទ្ធតែ​មកពី​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ ។

​លោក ប៉ឹ​ល កុសល ទទួលបាន​ការតែងតាំង​ជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ តាំងពី​នៅមាន​ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៦ នៃ​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​មកម្ល៉េះ ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៣៦៤​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៦ ពោលគឺ​បាន​កាន់តំណែង​ត្រឹម​រយៈពេល​១​ឆ្នាំ ០៦​ខែ​ប៉ុណ្ណោះ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.