ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

រដ្ឋ​ទិញ​ដីឯកជន ! រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ទិញ​ដី​មួយកន្លែង​តម្លៃ​ជាង​១​លាន​ដុល្លារ​សម្រាប់​សាងសង់​ទីស្នាក់ការ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា

​កាលពីដើម​ខែសីហា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​បានសម្រេច​អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រើប្រាស់​គណនី​ឯកជន​ភាវូបនីយកម្ម​សហគ្រាស​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ដើម្បី​ទិញ​ដី​មួយកន្លែង​មានតម្លៃ​ជាង​១​លាន​ដុល្លារ​អាមេរិក​សម្រាប់​ទុក​សាងសង់​ទីស្នាក់ការ​កណ្តាល​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា (​គ​.​ម​.​ក​) ។​

​ទីតាំង​ដី​ដែល​រាជរដ្ឋាភិបាល​ត្រូវ​ទិញ​សម្រាប់​ទុក​សាងសង់​ទីស្នាក់ការ​កណ្តាល​របស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​នោះ មាន​ទំហំ​២ ៥៩៩​ម៉ែត្រក្រឡា ឋិត​នៅ​ក្រុមទី​៤ ភូមិ​៤ ផ្លូវ​លេខ​៥៩៨ សង្កាត់​ច្រាំង​ចំរេះ​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ និង​មានតម្លៃ​១ ៣៨៣ ៩៦៧​ដុល្លារ​អាមេរិក ។​

​ក្រុមអ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ដោយសារ​ដីធ្លី​ដែល​អតីត​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​បាន​ធ្លាក់​ទៅក្នុង​ដៃ​របស់​ឯកជន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នោះ ទើប​ការិយាល័យ​ធ្វើការ​របស់​រដ្ឋ​សម្រាប់​បម្រើសេវា​សាធារណៈ​មួយចំនួន​ត្រូវ​ជួល​ទីតាំង​អគារ​របស់​ឯកជន​ដើ​ម្បី​ធ្វើការ (​ប៉ុស្តិ៍​ប៉ូលិស ឬ​សាលាសង្កាត់​…) ឬ​ត្រូវ​ទិញ​ដី​ពី​ឯកជន​មកវិញ​ដើម្បី​សាងសង់​សំណង់​អគារ​ធ្វើការ​របស់​ស្ថាប័នរដ្ឋ រួមមាន ទីស្នាក់ការ​កណ្តាល​រប​ស់​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា ជាដើម …​។​ល​។​

​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា សរសេរ​កាត់​ជា​ភាសា​ខ្មែរ​ថា «​គ​.​ម​.​ក​» និង​ជា​ភាសា​អង់គ្លេស​ថា Securities and Exchange Commission of Cambodia «SECC» ត្រូវបាន​បង្កើតឡើង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​៩៧​អនក្រ​.​បក ចុះ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០០៨ ។ គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បច្ចុប្បន្ន មាន​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន និង​មាន​ឯកឧត្តម ស៊ូ សុជាតិ ជា​អគ្គនាយក (​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើ​រដ្ឋលេខាធិការ​) ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.