សារព័ត៌មាន CNN បានផ្សព្វផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយដកស្រង់ពីប្រភពរបស់គណបក្សភឿថៃ ( Pheu Thai Party ) ឲ្យដឹងថា លោកស្រី Yingluck Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ កំពុងស្វះស្វែងសុំសិទ្ធិជ្រកកោន នៅប្រទេសអង់គ្លេស ខណៈបច្ចុប្បន្នលោកស្រី កំពុងឋិតនៅទីក្រុង London ប្រទេសអង់គ្លេសស្រាប់ ។
លោកនាយឧត្តមសេនីយ៍យោធា Prayut Chan-o-cha នាយករដ្ឋមន្ត្រី នៃរបបយោធាថៃសព្វថ្ងៃ បានថ្លែងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៧ម្សិលមិញថា លោកស្រី Yingluck Shinawatra កំពុងស្នាក់នៅទីក្រុង Dubai ប្រទេសអារ៉ាប់អេមីរ៉ាត់ ប៉ុន្តែព័ត៌មាននេះផ្ទុយគ្នាទៅនឹងប្រភពរបស់គណបក្សភឿថៃ ឲ្យដឹងថា លោកស្រី Yingluck Shinawatra បានចាកចេញពីទីក្រុង Dubai ទៅកាន់ប្រទេសអង់គ្លេស ប្រមាណ២សប្តាហ៍មកហើយ ។
កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗតុលាការកំពូលថៃ បានប្រកាសសាលដីកាកំបាំងមុខផ្តន្ទាទោសលោកស្រី Yingluck Shinawatra ដាក់ពន្ធនាគារកំណត់ ៥ឆ្នាំ ពីបទពុករលួយ ក្នុងកម្មវិធីទិញស្រូវពីប្រជាកសិករក្នុងតម្លៃថ្លៃធ្វើឲ្យខាតបង់ថវិការដ្ឋប្រមាណ ៨ពាន់លានដុល្លារអាមេរិក ។
អតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី Yingluck Shinawatra បានភៀសខ្លួនចាកចេញពីប្រទេសថៃ តាំងពីមុនពេលតុលាការកំពូលថៃ ចេញដីកាចាប់ខ្លួន និងបើកសវនាការជំនុំជម្រះទោសមកម្ល៉េះ ឆ្ពោះទៅកាន់ទីក្រុង Dubai ប្រទេសអារ៉ាប់អេមីរ៉ាត់ ជាទីដែលលោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ និងត្រូវជាបងប្រុសបង្កើតរបស់លោកស្រី កំពុងស្នាក់នៅ ។
ដោយឡែក នៅទីក្រុងបាងកក ប្រទេសថៃ ឯណោះវិញ ប៉ូលិស និងទាហាន ២៥នាក់ បានចុះឆែកឆេរលំនៅឋានរបស់លោកស្រី Yingluck Shinawatra ដើម្បីប្រមូលវត្ថុតាងមួយចំនួន យកទៅពិនិត្យ DNA សំដៅកំណត់អត្តសញ្ញាណជនពាក់ព័ន្ធដល់ការជួយជ្រោមជ្រែងលោកស្រី Yingluck Shinawatra ភៀសខ្លួនចាកចេញពីប្រទេសដោយសុវត្ថិភាព នាពេលកន្លងមក ។
លោកស្រី Yingluck Shinawatra អាយុ៥០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតលោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ បានជាប់ឆ្នោតកាន់តំណែង ជានាយករដ្ឋមន្ត្រីថៃ ជាស្ត្រីដំបូងគេបង្អស់ កាលពីឆ្នាំ២០១១ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលយោធាថៃ សព្វថ្ងៃ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង នាខែឧសភា ឆ្នាំ២០១៤ ៕