ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

ប្រយ័ត្ន​រឿង​ឆបោក​ចូល​ក្របខ័ណ្ឌ​រាជការ ! ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៧​យ៉ាងហោចណាស់​មានទឹក​ប្រា​ក់ជាង​៣៣​ម៉ឺន​ដុល្លារ​ត្រូវបាន​ជនខិលខូច​បោកប្រាស់​រើស​មនុស្ស​ចូល​ក្របខ័ណ្ឌ​ប៉ូលិស និង​ពេទ្យ

​មិនមែន​ទើបតែ​កើតមានឡើង​ទេ គឺ​នៅពេល​មានការ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ម្តងៗ​តែង​លេចចេញ​មនុស្ស​ដើរតួ​ជា​អ្នក​រត់ការ​ក្រៅ​ប្រព័ន្ធ​ដោយ​សន្យាថា នឹង​លៃលក​ឲ្យ​បេក្ខជន​ប្រឡង​ជាប់​ចូលក្នុង​ក្របខ័ណ្ឌ​តាម​បំណង​ជាមួយនឹង​ការប្រមូលប្រាក់​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ខណៈ​អំពើ​ចាញ់បោក​បង្ក​ការខាតបង់​លុយកាក់ ក៏​កើតមាន​ជាច្រើន​ករណី​ដែរ រហូតដល់​មានការ​ប្តឹងផ្តល់​គ្នា​តាម​ចាប់ខ្លួន ចាប់​ដាក់គុក ឬ​រត់ចោលស្រុក​ក៏មាន ។​

​ព័ស្តុតាង​ជាក់ស្តែង​បាន​បង្ហាញថា កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៧​មាន​ប្រជាពលរដ្ឋ​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ​ចំនួន​៣១​អង្គ​-​នាក់ បាន​ប្រមូល​លុយកាក់​ចំនួន​ប្រមាណ​១៤​ម៉ឺន​ដុល្លារ​អាមេរិក​ឲ្យ​ទៅ​លោក​វរសេនីយ៍ឯក ហែម ចរិយា នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ អត្តលេខ​៦៦៥០៧ និង​ត្រូវជា​កូនប្រុស​ឯកឧត្តម​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក ហែម ថេ​ង អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ និង​ជាទី​ប្រឹក្សា​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ពាក់ព័ន្ធ​នឹង​រឿង​រត់​ការចូល​ក្របខ័ណ្ឌ​ប៉ូលិស តែ​បាន​ក្លាយទៅជា​រឿង «​ចាញ់បោក » យ៉ាង​ឈឺចាប់ ។​

​បច្ចុប្បន្ន លោក​ស័ក្តិ​៥​ប៉ូលិស ហែម ចរិយា ដែលជា​ជំនួយការ និង​ត្រូវជា​កូនបង្កើត​របស់​ឯកឧត្តម​ឧកញ៉ា​ឧ​ត្ត​ម​សេនីយ៍​ឯក ហែម ថេ​ង នោះ ត្រូវបាន​សមត្ថកិច្ច​តាម​ស្វែងរក​ចាប់ខ្លួន​ហើយ ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​ប្រាក់​១៤​ម៉ឺន​ដុល្លារ​អាមេរិក​រត់ការ​ចូល​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ ។​

​ដោយឡែក កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ មាន​បុរស​ម្នាក់​ឈ្មោះ សាយ វិសិដ្ឋ អះអាងថា​ខ្លួន​ជា «​ឯកឧត្តម​» បម្រើ​ការងារ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ប្រមូលប្រាក់​បាន​ចំនួន​១៩៦ ៥០០​ដុល្លារ​អាមេរិក​ក្នុង​រឿង​រត់​ការចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ក្រសួងសុខាភិបាល​ចំនួន​៥​នាក់ និង​មន្ត្រី​អគ្គិសនី​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​រ៉ែ និង​ថាមពល ។ ប៉ុន្តែ អ្វីៗ​គ្រប់យ៉ាង​បានក្លាយ​ទៅជា​អំពើ​ឆបោក ពីព្រោះ​បន្ទាប់ពី​ប្រមូល​លុយ​បាន​ជិត​២០​ម៉ឺន​ដុល្លារ​អាមេរិក​ហើយ បុរស​ឈ្មោះ សាយ វិសិដ្ឋ នោះ បាន​រត់​គេចខ្លួនបាត់​ស្រមោល ។​

​ឆ្លុះបញ្ចាំង​តាមរយៈ​រឿងរ៉ាវ​ទាំងនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​មេត្តា​ប្រុងប្រយ័ត្ន​ផង​ដើម្បី​កុំ​ឲ្យ​ចាញ់បោក​ជនខិលខូច​ខាត​បង់លុយ​កាក់ ហើយ​ត្រូវ​សហការ​ចូលរួម​លុបបំបាត់​អំពើពុករលួយ ស៊ីសំណូកសូកប៉ាន់​ទាំងអស់គ្នា ប្រសើរ​ជាង​សមគំនិត​ប្រព្រឹត្ត​អំពើពុករលួយ​នាំ​ឲ្យ​សង្គមជាតិ​រង​ការវិនាស​អន្តរាយ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.