ថ្ងៃ ព្រហស្បតិ៍ ទី ២៨ ខែ តុលា ឆ្នាំ ២០២១

គ្រោះ​អ្នក​សៀមរាប ! សិប្បកម្ម​ផលិត​គុយទាវ​ពីរ​កន្លែង​នៅ​ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ចរ​ក​ឃើញថា មានប្រើ​ប្រាស់​សារធាតុ​គីមី​បូរ៉ា​ក់ (Borax)

សេចក្តីរាយការណ៍​ពី​ខេត្តសៀមរាប ទឹកដី​អង្គរ​បាន​ឲ្យ​ដឹងថា សិប្បកម្ម​ផលិត​គុយទាវ​ចំនួន​ពីរ​កន្លែង​ឋិត​នៅ​ស្រុក​ពួក ខេត្តសៀមរាប ត្រូវបាន​សមត្ថកិច្ច​កាំកុងត្រូល​ចុះ​ត្រួតពិនិត្យ​ដល់ទី​តាំង​ផ្ទាល់​កាលពី​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៧​ម្សិលមិញ​ដោយ​រកឃើញថា មានប្រើ​ប្រាស់​សារធាតុ​គីមី​បូរ៉ា​ក់ (Borax) នៅក្នុង​សរសៃ​គុយទាវ​ដើម្បី​ធ្វើ​ឲ្យ​សរសៃ​គុយទាវ​ស្វិត និង​រក្សាទុក​បានយូរ ប៉ុន្តែ​វា​ជា​សារ​ធាតុគីមី​ហាមឃាត់ ពីព្រោះ​វា​បង្ក​ការប៉ះពាល់​ដល់​សុខភាព​អ្នកប្រើប្រាស់ ។​

​ទីតាំង​សិប្បកម្ម​ផលិត​គុយទាវ​ចំនួន​ពីរ​កន្លែង​ដែល​សមត្ថកិច្ច​កាំកុងត្រូល​រកឃើញថា មានប្រើ​ប្រាស់​សារធាតុ​គីមី​បូរ៉ា​ក់ (Borax) នៅក្នុង​សរសៃ​គុយទាវ​នោះ គឺ ៖ ១-​សិប្បកម្ម​ផលិត​គុយទាវ​ឋិត​នៅ​ភូមិ​គោក​ស្រុក ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប មាន​ម្ចាស់​ឈ្មោះ ប៊ុន តាំង​ហួ ភេទ​ស្រី និង ២-​សិប្បកម្ម​ផលិត​គុយទាវ​ឋិត​នៅ​ភូមិ​អូរ​តា​ប្រាក់ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប មាន​ម្ចាស់​ឈ្មោះ ឡាយ គុយ ភេទ​ប្រុស ។

​ក្នុង​ដំណើរការ​ត្រួតពិនិត្យ​ជាក់ស្តែង​នោះ សមត្ថកិច្ច​កាំកុងត្រូល​បាន​រកឃើញ​សរសៃ​គុយទាវ​មាន​សារធាតុ​គីមី​បូរ៉ា​ក់​ចំនួន​ជាង​១៥៤​គីឡូក្រាម អង្ករ​ត្រាំ​មាន​សារ​ធាតុគីមី​បូរ៉ា​ក់​ចំនួន​៥០​គីឡូក្រាម ម្សៅ​អង្ករ​កិន​រួច​មាន​សារធាតុ​គីមី​បូរ៉ា​ក់​ចំនួន​៧២​គីឡូក្រាម និង​ម្សៅ​សារធាតុ​គីមី​បូរ៉ា​ក់​ចំនួន​១៧,៥​គីឡូក្រាម ។​

​ក្រោយពី​មានការ​ឯកភាព​ដោយ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តសៀមរាប​រួចមក សមត្ថកិច្ច​ជំនាញ​បាន​ស្រេច​បិទ​ដំណើរការ​សិប្បកម្ម​ផលិត​គុយទាវ​ទាំងពីរ​កន្លែង​នោះ​ជា​បណ្តោះអាសន្ន ខណៈ​វត្ថុតាង​ផ្សេងៗ​ដែលមាន​សារធាតុ​គីមី​បូរ៉ា​ក់​ត្រូវបាន​ប្រមូល​យកទៅ​ដុត​កម្ទេចចោល​ភ្លាមៗ ។​

​គួរ​រំលឹក​ជូន​ថា កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៦​កន្លងទៅ សិប្បកម្ម​ផលិត​គុយទាវ​មួយកន្លែង​ឋិត​នៅ​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប ក៏​ត្រូវបាន​សមត្ថកិច្ច​ជំនាញ​បិទ​លែង​ឲ្យ​ដំណើរការ​បណ្តោះអាសន្ន​ដែរ បន្ទាប់ពី​រកឃើញថា​មានការ​ប្រើប្រាស់​សារធាតុ​គីមី​បូរ៉ា​ក់ (Borax) នៅក្នុង​សរសៃ​គុយទាវ ។​

​បូរ៉ា​ក់ ឬ​ហៅថា Sodium Borate ។ នៅពេល​គេ​យក​ម្សៅ​បូរ៉ា​ក់លាយ​ទៅក្នុង​ទឹក​វា​នឹង​បំ​លែង​ទៅជា Hydrogen Peroxide ដែលមាន​សមត្ថភាព​ខ្លាំង​ក្លា​ក្នុងការ​ធ្វើ​ឲ្យ​សរសៃ​គុយទាវ​ភ្លឺរលោង ស្វិត​ល្អ និង​រក្សាទុក​បានយូរ ។ ទោះយ៉ាងណា​ក៏ដោយ ការប្រើប្រាស់​សារធាតុ​គីមី​បូរ៉ា​ក់ (Borax) មាន​កម្រិត​ច្រើន​ក្នុង​ចំណីអាហារ គឺ​វា​នឹង​បង្ក​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ធ្ងន់ធ្ងរ​បំផុត ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.