ថ្ងៃ អង្គារ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០១៨

បុរស​ខ្លាំង ៖ បើ​មានការ​រំលោភ​រដ្ឋធម្មនុញ្ញ​នឹង​ផ្ទុះអាវុធ ! ឥឡូវ តើន​រណា​រំលោភ​ជាក់ស្តែង ?

គិត​ត្រឹម​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧​នេះ រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា (​មាត្រា​១៥០​ថ្មី កថាខណ្ឌ​ទី​១) ត្រូវបាន​ប្រកាស​ឲ្យ​ប្រើ​អស់​រយៈពេល​២៤​ឆ្នាំ​ហើយៗ ក៏​ទទួលរង​កា​រំលោភបំពាន​ជា​បន្តបន្ទាប់​ដោយ​អ្នកមានអំណាច​មហិមា​នៅ​កម្ពុជា​ដែរ ទោះបី​អ្នកមានអំណាច​ទាំងនោះ​បានធ្វើ​សច្ចាប្រណិធាន​នៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះមហាក្សត្រ ព្រះភ័ក្ត្រ​នៃ​សម្តេច​ព្រះសង្ឃ​រាជ្យ និង​ទេវតា​រក្សា​ស្វេតច្ឆត្រ​រួចហើយ​ថា «​ប្តេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ​…» ក៏ដោយ ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយ​ឧ​ត្ត​ម​សេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥ ហ៊ុន សែន ហៅ​បុរស​ខ្លាំង ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ធ្លាប់បាន​ប្រកាស​ព្រមាន​របៀប​ដាច់​ណាត់​ថា «​បើ​មានកា​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​នឹងមាន​ការផ្ទុះអាវុធ​» ។ ការព្រមាន​បែបនេះ​របស់​បុរស​ខ្លាំង គឺ​ចង់​សំដៅថា បុរស​ខ្លាំង​ចេញមុខ​ការពារ​រដ្ឋធម្មនុញ្ញ ហើយ​បើ​មាន​ជន​ណា ឬ​ក្រុម​ណា​រំលោភបំពាន​រដ្ឋធម្មនុញ្ញ​នោះ បុរស​ខ្លាំង​នឹង​ប្រើប្រាស់​អាវុធ​បង្ក្រាប​… ។​

​ផ្ទុយទៅវិញ ព័ស្តុតាង​ជាច្រើន​បាន​បង្ហាញថា បុរស​ខ្លាំង​ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រព្រឹត្ត​រំលោភបំពាន​លើ​មាត្រា​មួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ​យ៉ាងធ្ងន់ធ្ងរ​បំផុត មាន​ជាអាទិ៍ ៖

១-​ពាក់ព័ន្ធ​នឹង​បូរណភាព​ទឹកដី ៖ មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​បានចែង​បញ្ញត្តិ​ថា «​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិនអាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់ខ្លួន​ដែលមាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១/១០០ ០០០ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣ ហើយ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩ ។​» ប៉ុន្តែ បុរស​ខ្លាំង​ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បែរជា​ចុះហត្ថលេខា​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នា​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០០៥ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម លើ​សន្ធិសញ្ញា​បំពេញបន្ថែម​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ទៅលើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ដោយ​ប្រើប្រាស់​ផែនទី UTM ខ្នាត​១/៥០ ០០០ និង​ពឹងពាក់​ឲ្យ​ភាគី​ប្រទេស​វៀតណាម​បោះពុម្ព​ផែនទី UTM ខ្នាត​១/៥០ ០០០ ចំនួន​៤០​ផ្ទាំង​សម្រាប់​ដំណើរការ​បោះបង្គោល​ព្រំដែន​គោក និង​ខណ្ឌសីមា​រវាង​ប្រទេស​ទាំងពីរ​ទៅវិញ ។​

២-​ពាក់ព័ន្ធ​នឹង​សិទ្ធិ និង​ករណីយកិច្ច​រប​ស់​ប្រជាពលរដ្ឋ ៖ មាត្រា​៤០ កថាខណ្ឌ​ទី​៣​នៃ​រដ្ឋធម្មនុញ្ញ​បានចែង​បញ្ញត្តិ​ថា «​ការរក្សា​សិទ្ធិ​មិន​ឲ្យ​រំលោភ​លើ​លំនៅឋាន និង​អាថ៌កំបាំង​នៃ​ការឆ្លើយ​ឆ្លងតាម​លិខិត តាម​សារ​ទូរលេខ ទូរពុម្ព ទូរ​គម​ន៍ និង​តាម​ទូរស័ព្ទ​ត្រូវបាន​ធានា ។​» ប៉ុន្តែ បច្ចុប្បន្ន​ការសន្ទនា​តាម​ប្រព័ន្ធ​ទូរគមនាគមន៍​ត្រូវបាន «​បែកធ្លាយ​ដូច​ទឹកបាក់​ទំនប់​» ក្រោម​កណ្តាប់ដៃ​រប​ស់បុ​រស​ខ្លាំង ។

៣-​ពាក់ព័ន្ធ​នឹង​សេដ្ឋកិច្ច ៖ មាត្រា​៦៣​នៃ​រដ្ឋធម្មនុញ្ញ​បានចែង​បញ្ញត្តិ​ថា «​រដ្ឋ​យកចិត្តទុកដាក់​គ្រប់គ្រង​ទីផ្សារ​ជួយ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​មាន​កម្រិត​សមរម្យ ។​» ប៉ុន្តែ ជាក់ស្តែង​ទីផ្សារ​ប្រជាកសិករ​ត្រូវបាន​គ្រប់គ្រង​ដោយ​ឈ្មួញ​បរទេស​សមគំនិត​ជាមួយ​ឈ្មួញ​ខ្មែរ​ជា​ប្រព័ន្ធ​ទើប​បណ្តាល​ឲ្យ​ប្រជាកសិករ​បាក់​ទឹកចិត្ត​រហូតដល់​បោះបង់​ចោល​នូវ​ការដាំដុះ​ផលិតផល​កសិកម្ម និង​ការ​ចិញ្ចឹមសត្វ ខណៈ​រដ្ឋ​គ្មាន​សម​ត្ថភាព​គ្រប់គ្រង​ទីផ្សារ​ទាល់តែសោះ ។

៤-​ពាក់ព័ន្ធ​នឹង​អំណាចតុលាការ ៖ មាត្រា​១២៨​ថ្មី និង​មាត្រា​១៣០​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​បានចែង​បញ្ញត្តិ​ថា «​អំណាចតុលាការ​ជា​អំណាច​ឯករាជ្យ ។ អំណាចតុលាការ​ធានារ​ក្សា​អ​នា​គតិ និង​ការពារ​សិទ្ធិសេរីភាព​របស់​ប្រជាពលរដ្ឋ ។ អំណាចតុលាការ​គ្របដណ្តប់​ទៅលើ​រឿងក្តី​ទាំងអស់​រួមទាំង​រឿងក្តី​រដ្ឋបាល​ផង ។ អំណាច​នេះ​ត្រូវប្រគល់​ឲ្យ​តុលាការ​កំពូល និង​សាលាជម្រះក្តី​គ្រប់ផ្នែក និង​គ្រប់​ជាន់ថ្នាក់ ។ គ្មាន​អង្គការ​ណាមួយ​នៃ​អំណាចនីតិបញ្ញត្តិ ឬ​នីតិប្រតិបត្តិ​អាច​ទទួល​អំណាចតុលាការ​អ្វី​បានឡើយ ។​» ប៉ុន្តែ ព័ស្តុតាង​ជាក់ស្តែង​មួយចំនួន​ក្នុងចំណោម​ព័ស្តុតាង​ជាច្រើន​បានបង្ហាញ​អំពី​អំណាច​របស់​បុរស​ខ្លាំង​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី (​ប្រមុខ​ស្ថាប័ន​នីតិប្រតិបត្តិ​) រំលោភបំពាន​លើ​អំណាចតុលាការ​យ៉ាង​កំរោល​ដែលជា​ការមិន​គោរព​រដ្ឋធម្មនុញ្ញ មាន​ដូចខាងក្រោម ៖

៤-​ក ៖ សំណុំរឿង​វិវាទ​ដីធ្លី​ឋិត​នៅ​ភូមិ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌដង្កោ (​បច្ចុប្បន្ន ខណ្ឌ​ពោធិ៍​សែន​ជ័យ​) រាជធានី​ភ្នំពេញ រវាង​បុគ្គល​ម្នាក់​ឈ្មោះ កែវ ជីន និង​អាជ្ញាធរ​ភូមិ​ជម្ពូ​វ័ន ត្រូវបាន​ស្ថាប័ន​តុលាការ​សម្រេច​រួចហើយ​ដោយ​ប្រគល់​ដី​ទំនាស់​ឲ្យ​អាជ្ញាធរ​ភូមិ​ជម្ពូ​វ័ន​គ្រប់គ្រង​ជា​កម្មសិទ្ធិរួម​ប្រើប្រាស់​ជា​ផលប្រយោជន៍​សាធារណៈ តាម​អំណាច​សាលដីកា​រដ្ឋប្បវេណី​ស្ថាពរ​លេខ​១៤១ ចុះ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០០៥ របស់​តុលាការ​កំពូល ។ ប៉ុន្តែ ក្រោយមក​ដោយយោង​តាម​ចំណារ​ចុះ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០០៥​របស់​បុរស​ខ្លាំង ទើប​រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ប្រគល់​ដី​ទំនាស់​ដដែល​នេះ​ឲ្យ​ទៅ​បុគ្គល​ឈ្មោះ កែវ ជីន ដែល​ធ្លាប់​ចាញ់ក្តី​នៅ​ស្ថាប័ន​តុលាការ​រួចហើយ​បាន​កាន់កាប់​ជា​កម្មសិទ្ធិ​វិញ តាម​ស្មារតី​លិខិត​លេខ​១៩៦៩​សជណ ចុះ​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០០៥​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។

៤-​ខ ៖ សំណុំរឿង​វិវាទ​ដីធ្លី​ឋិត​នៅ​ភូមិ​បា​លិ​លេ​យ្យ ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ (​បច្ចុប្បន្ន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​) ខេត្តបន្ទាយមានជ័យ រវាង​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ និង​ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ ត្រូវបាន​ស្ថាប័ន​តុលាការ​សម្រេច​រួចហើយ ដោយ​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​សមាគម​អភិវឌ្ឍន៍​កសិកម្ម​ជាតិ​គ្រប់គ្រង​ជា​កម្មសិទ្ធិ តាម​អំណាច​សាលក្រម​រដ្ឋប្បវេណី​លេខ​៧៨ «​ក​» ចុះ​ថ្ងៃទី​០៣ ខែវិច្ឆិកា ឆ្នាំ​២០០៤​របស់​តុលាការ (​បច្ចុប្បន្ន សាលាដំបូង​) ខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែ ក្រោយមក​ដោយយោង​តាម​ចំណារ​ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០០៨​របស់​បុរស​ខ្លាំង ទើប​រាជរដ្ឋាភិបាល​ស​ម្រេច​ប្រគល់​ដី​ទំនាស់​ដដែល​នេះ​ឲ្យ​ទៅ​ក្រុម​ប្រជាពលរដ្ឋ​ចំនួន​២១​គ្រួសារ​ដែល​ធ្លាប់​ត្រូវបាន​ស្ថាប័ន​តុលាការ​បដិសេធចោល​រួចហើយ​បាន​កាន់កាប់​ជា​កម្មសិទ្ធិ​វិញ តាម​ស្មារតី​លិខិត​លេខ​៤៦១​សជណ​.​ឧស ចុះ​ថ្ងៃទី​០៣ ខែមេសា ឆ្នាំ​២០០៨​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពី​មានការ​សម្រេច​សាចុះសាឡើង​ត្រឡប់ត្រឡិន​ច្រើនដង​រួចមក ។

៤-​គ ៖ សំណុំរឿង​វិវាទ​ដីធ្លី​ឋិត​នៅ​ភូមិ​កែវផុស ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង (​បច្ចុប្បន្ន ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​) រវាង​លោក​ឧកញ៉ា ជៀម ផែន ថៅកែ​ក្រុមហ៊ុនស្រា​បៀរ​លី​អូ និង​ប្រជាពលរដ្ឋ​ចំនួន​៤៩​គ្រួសារ ត្រូវបាន​ស្ថាប័ន​តុលាការ​សម្រេច​ជា​សមត្ថកិច្ច​រួចហើយ ដោយ​ប្រគល់​ដី​ទំនាស់​ឲ្យ​ទៅ​លោក​ឧកញ៉ា ជៀម ផែន គ្រប់គ្រង​កាន់កាប់​ជា​កម្មសិទ្ធិ តាម​អំណាច​សាលក្រម​រដ្ឋប្បវេណី​ស្ថាពរ​លេខ​០៦ ចុះ​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០០៧​របស់​សាលាដំបូង​ខេត្តកោះកុង និង​សាលក្រម​រដ្ឋប្បវេណី​លេខ​០៤ «​ក​១» ចុះ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១២​របស់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ។ ប៉ុន្តែ ក្រោយមក​ដោយយោង​តាម​ចំណារ​ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣​របស់​បុរស​ខ្លាំង ទើប​រាជរដ្ឋាភិបាល​ក៏បាន​សម្រេច​ប្រគល់​ដី​ទំនាស់​ដដែល​នេះ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​ចាញ់ក្តី​នៅ​ស្ថាប័ន​រួចហើយ​បាន​កាន់កាប់​គ្រប់គ្រង​ជា​កម្មសិទ្ធិ​វិញ តាម​ស្មារតី​លិខិត​លេខ​៤៩៦​សជណ ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៣ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពី​មានការ​សម្រេច​ត្រឡប់ត្រឡិន​ច្រើនដង​រួចមក ។

​មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​នៅ​កម្ពុជា​បានលើកឡើង​ថា ដោយសារ​អាវុធ​ឋិត​ក្នុង​កណ្តាប់ដៃ​រប​ស់បុរ​ស​ខ្លាំង និង​អ្នករំលោភ​រដ្ឋធម្មនុញ្ញ​ជាក់ស្តែង​ក៏​បុរស​ខ្លាំង ដូច្នេះ​ករណី​អំពើ​រំលោភ​រដ្ឋធម្មនុញ្ញ​គ្មាន​ហេតុ​ការណ៍ផ្ទុះអាវុធ​កើតឡើង​ទេ ប្រសិនបើ​បុរស​ខ្លាំង «​មិន​ចង់​ផ្ទុះ​» ដ្បិត​អ្នករំលោភ និង​អ្នក​ព្រមាន​ផ្ទុះអាវុធ គឺជា​បុរស​ខ្លាំង​តែ​ម្នាក់ ៕​

Filed in: Feature, ទស្សនៈនយោបាយ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 012 858 205, 015 745 215 E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.