នាឱកាសក្រោយបុណ្យភ្ជុំបិណ្ឌកន្លងទៅថ្មីៗនេះមជ្ឈដ្ឋានប្រជាពលរដ្ឋកម្ពុជាមានការចាប់អារម្មណ៍ និងរិះគន់យ៉ាងខ្លាំងទៅលើក្រុមហ៊ុន សុខា អូតែល (Sokha Hotel Co.,Ltd.) មានលោកឧកញ៉ា សុខ គង់ ជាប្រធានក្រុមប្រឹក្សាភិបាលដែលបានសម្រេចប្តូរឈ្មោះ «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ហើយការផ្លាស់ប្តូរឈ្មោះថ្មីនេះក៏បានបង្កឲ្យមានការភ្ញាក់ផ្អើល និងបញ្ចេញចំណាត់ការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោនាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥បណ្ឌិតសភាចារ្យ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង ដោយបុរសខ្លាំងសម្រេចមិនឲ្យមានការផ្លាស់ប្តូរឈ្មោះថ្មីទេ គឺរក្សាឈ្មោះដើមដដែល ពីព្រោះរមណីយដ្ឋានភ្នំបូកគោ ជាតំបន់ប្រវត្តិសាស្ត្រ ។
ព័ស្តុតាងបានបង្ហាញថា មុនពេលក្រុមហ៊ុន Sokha Hotel Co.,Ltd. មានលោកឧកញ៉ា សុខ គង់ ជាប្រធានក្រុមប្រឹក្សាភិបាលដោយមាននាមករណ៍សាខាក្រុមហ៊ុននៅខេត្តកំពតឈ្មោះ ឋានសួគ៌បូកគោ (Thansur Bokor) ដែលទទួលបានសិទ្ធិវិនិយោគរមណីយដ្ឋានភ្នំបូកគោពីរាជរដ្ឋាភិបាលបុរសខ្លាំងនាឆ្នាំ២០០៨ សម្រេចប្តូរឈ្មោះ «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» នោះ គឺក្រុមហ៊ុន Sokha Hote បានស្នើសុំផ្លាស់ប្តូរនាមករណ៍សាខាក្រុមហ៊ុនរបស់ខ្លួនជាមុននៅក្រសួងពាណិជ្ជកម្មពីនាមករណ៍ចាស់ «ឋានសួគ៌បូកគោ» ទៅជានាមករណ៍ថ្មី «សុខាឋានសួគ៌» និងក្រសួងពាណិជ្ជកម្មក៏បានអនុញ្ញាតចុះបញ្ជីនូវការប្តូរនាមករណ៍នេះ តាមលិខិតលេខ០៥៨៦ពណ.ចបព ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ។
បន្ទាប់មកទៀត អ្នកគ្រប់គ្រងរមណីយដ្ឋានឋានសួគ៌បូកគោ ក៏បានចេញសេចក្តីជូនដំណឹងមួយជម្រាបជូនដល់សាធារណជនជ្រាបថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ថ្នាក់ដឹកនាំរមណីយដ្ឋានសម្រេចប្តូរឈ្មោះពី «រមណីយដ្ឋានឋានសួគ៌បូកគោ» មកជា «រមណីយដ្ឋានសុខាឋានសួគ៌» ។ លើសពីនេះ ខ្លឹមសារនៃសេចក្តីជូនដំណឹងក៏បានបញ្ជាក់ដែរថា «ថ្នាក់ដឹកនាំ និងបុគ្គលិកនៃរមណីយដ្ឋានសុខាឋានសួគ៌មានសេចក្តីរីករាយ និងរំភើបយ៉ាងខ្លាំងចំពោះការផ្លាស់ប្តូរនេះ ។ …» ។
ដោយឡែក បន្ទាប់ពីមានប្រតិកម្ម និងចំណាត់ការរបស់បុរសខ្លាំងដែលតម្រូវឲ្យរក្សាឈ្មោះរមណីយដ្ឋានភ្នំបូកគោដូចដើមនោះ ទើបក្រសួងបរិស្ថានបានចេញសេចក្តីបំភ្លឺមួយលេខ៩៣៥សជណ.បស្ថ ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧បញ្ជាក់អះអាងថា រមណីយដ្ឋានភ្នំបូកគោដែលមានទីតាំងឋិតនៅក្នុង «ឧទ្យានជាតិព្រះមុនីវង្សបូកគោ» នៅតែរក្សាឈ្មោះប្រវត្តិសាស្ត្ររបស់ខ្លួនដដែល ដោយមិនមានការផ្លាស់ប្តូរទៅឈ្មោះផ្សេងឡើយ ។
ក្រុមអ្នកច្បាប់ឯករាជ្យ និងអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា ដោយសារនៅពេលចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន Sokha Hotel Co.,Ltd. លើការប្រគល់សិទ្ធិវិនិយោគរមណីយដ្ឋានភ្នំបូកគោនោះ មិនបានតម្រូវឲ្យក្រុមហ៊ុនទទួលសិទ្ធិវិនិយោគត្រូវតែដាក់ឈ្មោះ «បូកគោ» ភ្ជាប់នឹងឈ្មោះរមណីយដ្ឋាន ទើបក្រុមហ៊ុនរបស់លោកឧកញ៉ា សុខ គង់ អាចធ្វើការផ្លាស់ប្តូរឈ្មោះរមណីយដ្ឋានភ្នំបូកគោស្រេចនឹងចិត្តឲ្យស្របទៅតាមនាមករណ៍របស់ក្រុមហ៊ុនខ្លួនដែលទើបផ្លាស់ប្តូរថ្មី ។ មានន័យថា មន្ត្រីរាជរដ្ឋាភិបាលមានភាពខ្វះចន្លោះ ឬធ្វេសប្រហែសលើការចុះកិច្ចព្រមព្រៀងជាមួយភាគីក្រុមហ៊ុនទទួលសិទ្ធិវិនិយោគពាក់ព័ន្ធនឹងការដាក់ឈ្មោះរមណីយដ្ឋាន ។
មជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរអ្នកជាតិនិយមបានបញ្ចេញទស្សនៈថា ផ្អែកលើទីតាំងភូមិសាស្ត្រ និងប្រវត្តិរបស់ក្រុមហ៊ុន Sokimex Group ក៏ដូចជាក្រុមហ៊ុន Sokha Hotel របស់លោកឧកញ៉ា សុខ គង់ ព្រមទាំងទិដ្ឋភាពជាក់ស្តែងជាច្រើនដែលកើតឡើងនៅរមណីយដ្ឋានភ្នំបូកគោក្រោយការចូលខ្លួនដាក់ទុនវិនិយោគរបស់ក្រុមហ៊ុន Sokha Hotel នោះ គឺលោកឧកញ៉ា សុខ គង់ មានចេតនាកែប្រែប្រវត្តិសាស្ត្រទឹកដីភ្នំបូកគោនៃខេត្តកំពត ប្រទេសកម្ពុជា ដោយចាប់ផ្តើមពីការលុបឈ្មោះ «បូកគោ» ចេញពីឈ្មោះរមណីយដ្ឋាន និងបញ្ចូលឈ្មោះ «សុខា» ជាឈ្មោះក្រុមហ៊ុនរបស់ខ្លួនប្រើជាឈ្មោះរមណីយដ្ឋានទាំងមូលវិញ ។ ប្រការនេះហើយដែលតម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជាត្រូវតែធ្វើការប្រុងប្រយ័ត្នគ្រប់ពេលវេលារាល់ការចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនដៃគូវិនិយោគនានា ដែលមានលុយកាក់មហាសាល ។
សរុបសេចក្តីមក នេះគឺជាព័ស្តុតាងកាន់តែច្បាស់ហើយដែលបង្ហាញឲ្យឃើញថា រឿងរ៉ាវផ្លាស់ប្តូរឈ្មោះរមណីយដ្ឋានភ្នំបូកគោ ក្លាយទៅជាសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុនលោកឧកញ៉ា សុខ គង់ ដែលជាឈ្មួញមានទ្រព្យសម្បត្តិមហាសាល និងស្និទ្ធយ៉ាងខ្លាំងជាមួយរាជរដ្ឋាភិបាលកម្ពុជា មានបុរសខ្លាំងជាប្រមុខ និងគណបក្សប្រជាជនកម្ពុជា ។
លោក សុខ គង់ អគ្គនាយកក្រុមហ៊ុន Sokimex Group (ជាក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈនៅកម្ពុជាអស់ជាច្រើនឆ្នាំទល់សព្វថ្ងៃ) និងក្រុមហ៊ុន Sokha Hotel (ជាក្រុមហ៊ុនធ្លាប់កើបលុយចំណូលពីការលក់សំបុត្រចូលទស្សនាប្រាសាទអង្គរវត្តអស់ជាច្រើនឆ្នាំ) ទទួលបានការតែងតាំងជាឧកញ៉ា ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤៩៥/៣៧ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩៥ ៕