សារព័ត៌មាន Bangkok Post របស់ថៃ បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយដកស្រង់ពីប្រភពសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវ ឲ្យដឹងថា អ្នកនៅពីក្រោយ ដែលជួយជ្រោមជ្រែងលោកស្រី Yingluck Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ ឲ្យភៀសខ្លួនចាកចេញពីប្រទេស មុនពេលតុលាការកំពូលថៃ ប្រកាសសាលដីកាផ្តន្ទាទោស ទៅកាន់ទីក្រុង Dubai ប្រទេសអារ៉ាប់អេមីរ៉ាត់ ជាទីដែលលោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ និងជាត្រូវជាបងប្រុសបង្កើតរបស់លោកស្រី កំពុងស្នាក់នៅប្រកបដោយជោគជ័យ នោះ គឺលោកវរសេនីយ៍ Chairit Anurith អតីតមេបញ្ជាការរងកម្លាំងប៉ូលិស ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយមន្ត្រីការិយាល័យប៉ូលិសថៃ ។
លោកឧត្តមសេនីយ៍ Prawit Wongsuwan ឧបនាយករដ្ឋមន្ត្រី និងជាអតីតរដ្ឋមន្ត្រីការពារជាតិថៃ បានប្រាប់សារព័ត៌មាន Bangkok Post ឲ្យដឹងថា មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ ប្រាប់ក្រុមអ្នកស៊ើបអង្កេតថា ខ្លួនត្រូវបានគេបញ្ជាឲ្យជួយលោកស្រី Yingluck Shinawatra ចាកចេញពីប្រទេសដោយសុវត្ថិភាព ។ មន្ត្រីប៉ូលិសរូបនេះ ក៏បានប្រាប់អំពីឈ្មោះអ្នកនៅពីក្រោយ នៃការជួយជ្រោមជ្រែងដំណើររត់គេចខ្លួនរបស់លោកស្រី អតីតនាយករដ្ឋមន្ត្រីថៃដែរ ។ អ្នកនៅពីក្រោយ ដែលជួយលោកស្រី Yingluck Shinawatra កំពុងឋិតនៅក្នុងប្រទេសថៃ នៅឡើយ ។ ទោះយ៉ាងណា លោកឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រីថៃ បដិសេធក្នុងការបញ្ជាក់លំអិតជាងនេះ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗ ក្រៅពីមន្ត្រីប៉ូលិស ៣នាក់ និងមេបញ្ជាការរងប៉ូលិសម្នាក់ ត្រូវបានស៊ើបអង្កេត គឺសមត្ថកិច្ចប៉ូលិស រឹបអូសបានរថយន្តម៉ាក Toyota Camry មួយគ្រឿង ពាក់ស្លាកលេខ Chor Khoh 5323 ដែលគេសន្និដ្ឋានថា ជាមធ្យោបាយដឹកបញ្ជូនលោកស្រី Yingluck Shinawatra ទៅកាន់ព្រំដែន ។
រាជរដ្ឋាភិបាលថៃ ដឹកនាំដោយលោកនាយឧត្តមសេនីយ៍យោធា Prayut Chan-o-cha បច្ចុប្បន្ន បានចោទប្រកាន់ប្រឆាំងលើលោកស្រី Yingluck Shinawatra ពីបទពុករលួយ ក្នុងកម្មវិធីទិញស្រូវពីប្រជាកសិករ ក្នុងតម្លៃថ្លៃធ្វើឲ្យខាតបង់ថវិការដ្ឋប្រមាណ ៨ពាន់លានដុល្លារអាមេរិក ។ ការចោទប្រកាន់នេះ ត្រូវបានលោកស្រីអតីតនាយករដ្ឋមន្ត្រីថៃ បដិសេធ ដោយលោកស្រីអះអាងថា គឺជាចេតនានយោបាយចង់ធ្វើបាបលោកស្រី តែប៉ុណ្ណោះ ។
កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧កន្លងទៅ ខណៈអវត្តមានលោកស្រី Yingluck Shinawatra តុលាការកំពូលថៃបានសម្រេចចេញដីកាចាប់ខ្លួនលោកស្រី និងគ្រោងប្រកាសសាលដីកាផ្តន្ទាទោស នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខ ។
សារព័ត៌មានថៃ ធ្លាប់បានផ្សព្វផ្សាយដោយដកស្រង់ពីប្រភពស្និទ្ធនឹងក្រុមគ្រួសាររបស់លោកស្រីអតីតនាយករដ្ឋមន្ត្រីថៃ Yingluck Shinawatra ឲ្យដឹងថា លោកស្រីបានភៀសខ្លួនពីប្រទេសថៃ ឆ្លងព្រំដែនគោកទៅកាន់ខេត្តកោះកុង ប្រទេសកម្ពុជា ជាមួយមនុស្សជំនិតរបស់លោកស្រី ។ តមកទៀត លោកស្រី បានឡើងយន្តហោះ ពីកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី ដើម្បីបន្តឆ្ពោះទៅកាន់ទីក្រុង Dubai ជាគោលដៅធ្វើដំណើរចុងក្រោយតែម្តង ។ ការផ្សព្វផ្សាយអំពីដំណើរភៀសខ្លួនរបស់លោកស្រី Yingluck Shinawatra ពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាត្រូវបានបដិសេធ ដោយភាគីអាជ្ញាធរកម្ពុជា ។
លោកស្រី Yingluck Shinawatra អាយុ៥០ឆ្នាំ ត្រូវជាប្អូនស្រីបង្កើតលោក Thaksin Shinawatra អតីតនាយករដ្ឋមន្ត្រីថៃ បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ ជាស្ត្រីដំបូងគេបង្អស់ កាលពីឆ្នាំ២០១១ ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលយោធាថៃ សព្វថ្ងៃធ្វើរដ្ឋប្រហារទម្លាក់ចេញពីតំណែង នាខែឧសភា ឆ្នាំ២០១៤ ។
ដោយឡែក លោក Thaksin Shinawatra អាយុ៦៨ឆ្នាំ អតីតនាយករដ្ឋមន្ត្រីថៃ និងអតីតជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលបន្ទុកសេដ្ឋកិច្ច ក៏ត្រូវបានក្រុមយោធាថៃ ធ្វើរដ្ឋប្រហារទម្លាក់ពីតំណែង នាឆ្នាំ២០០៦ ហើយកំពុងរស់នៅនិរទេសខ្លួន ឯប្រទេសអារ៉ាប់អេមីរ៉ាត់ ទល់បច្ចុប្បន្ន ជាមួយនឹងទ្រព្យសម្បត្តិមហាសាល ៕