សារព័ត៌មាន Russian Today របស់រុស្ស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយដកស្រង់សម្តីលោក Amir Ali Hajizadeh មេបញ្ជាការយោធាជាន់ខ្ពស់អ៊ីរ៉ង់ ក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Press TV នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗឲ្យដឹងថា រោងចក្រអាវុធអ៊ីរ៉ង់ ផលិតបានគ្រាប់បែកទម្ងន់១០តោន ចាត់ទុកជា « ឪគ្រាប់បែក » អាចទម្លាក់ពីយន្តហោះចម្បាំង និងមានសមត្ថភាពបំផ្លាញគោលដៅសត្រូវខ្ពស់បំផុត ពោលគឺមានសមត្ថភាពខ្លាំងជាង « ម៉ែគ្រាប់បែក » របស់សហរដ្ឋអាមេរិក ។
ទោះយ៉ាងណាក៏ដោយ លោក Amir Ali Hajizadeh មិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះឡើយពាក់ព័ន្ធនឹង « ឪគ្រាប់បែក » ដែលប្រទេសអ៊ីរ៉ង់ ជាសម្ព័ន្ធមិត្តជាមួយរុស្ស៊ី ផលិតបាននោះ ពីព្រោះមហាអំណាចរុស្ស៊ី ក៏មាន « ឪគ្រាប់បែក » ដែរ ។
តាមការពិត សហរដ្ឋអាមេរិក មានកំពូលគ្រាប់បែកមួយប្រភេទឈ្មោះ GBU-43/B Massive Ordnance Air Blast (MOAB) ហើយត្រូវបានគេនិយមហៅថា The Mother Of All Bombs (ម៉ែគ្រាប់បែក) ។ គ្រាប់បែកប្រភេទនេះមានទម្ងន់៩,៨តោន ប្រវែង៩,១៨ម៉ែត្រ និងមានកម្លាំងផ្ទុះខ្លាំងក្លាស្មើនឹងកម្លាំងផ្ទុះរបស់ TNT ទម្ងន់១១តោន ។ កំពូលគ្រាប់បែកនេះ ធ្លាប់ត្រូវបានកម្លាំងយោធាសហរដ្ឋអាមេរិក ប្រើប្រាស់ដំបូងដើម្បីវាយប្រហារទៅលើមូលដ្ឋានទ័ពក្រោមដីរបស់ក្រុមឧទ្ទាម ISIS នៅប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧កន្លងទៅ បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ ។
ដោយឡែក មហាអំណាចរុស្ស៊ី ក៏មានប្រភេទគ្រាប់បែកឈ្មោះ ATBIP ដែលគេនិយមហៅថា The Father Of All Bombs (FOAB) ឬហៅថា « ឪគ្រាប់បែក » ។ គ្រាប់បែកប្រភេទនេះត្រូវបានផលិតឡើងនាអំឡុងឆ្នាំ២០០៧ មានទម្ងន់៧,១តោន និងមានកម្លាំងផ្ទុះស្មើនឹងកម្លាំងផ្ទុះរបស់ TNT ទម្ងន់៤៤តោន ៕