ថ្ងៃ ពុធ ទី ២២ ខែ កញ្ញា ឆ្នាំ ២០២១

Kim Jong-un មិន​ខ្វល់ ! កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​រំលង​ប្រទេស​ជប៉ុន​ជា​លើក​ទី​២ ខណៈ​ក្រុមប្រឹក្សាសន្តិសុខ UN កោះប្រជុំ​បន្ទាន់

ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹងថា នៅ​ព្រឹក​ព្រលឹម​នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ប្រទេស​កូរ៉េខាងជើង​បាន​បាញ់​បង្ហោះ​កាំជ្រួច​មី​ស៊ី​ល​ចេញពី​តំបន់ Sunan នៃ​ទីក្រុង Pyongyang ហោះ​រំលង​កាត់​ដែនអាកាស​ប៉ែក​ខាងកើត​កោះ Hokkaido ប្រទេស​ជប៉ុន រួច​ធ្លាក់​ចូលទៅក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដែលមាន​ចម្ងាយ​ប្រមាណ​២ ០១៥​គីឡូម៉ែត្រ​ភាគ​ខាងកើត​ប្រទេស​ជប៉ុន ។

Image may contain: one or more people

​ក្រុមប្រឹក្សា​នាយសេនាធិការ​ចម្រុះ​របស់​ប្រទេស​កូរ៉េខាងត្បូង​បាន​វាយតម្លៃថា កាំជ្រួច​មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាញ់​បង្ហោះ​រំលង​ប្រទេស​ជប៉ុន​នា​ព្រឹក​មិញ​នេះ មាន​រយៈ​ចម្ងាយ​ប្រមាណ​៣ ៧០០​គីឡូម៉ែត្រ និង​ក្នុង​រយៈកម្ពស់​៧៧០​គីឡូម៉ែត្រ ខណៈ​លោក Taro Kono រដ្ឋមន្ត្រីការបរទេស​ជប៉ុន​បាន​អះអាង​ដែរ​ថា មី​ស៊ី​ល​ដែល​កូរ៉េខាងជើង​បាញ់​តេស្ត​សាកល្បង​នេះ គឺជា​ប្រភេទ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) ។

Image may contain: outdoor and nature

​សារព័ត៌មាន Reuters បាន​ផ្សព្វផ្សាយ​ឲ្យ​ដឹង​ដែរ​ថា តាម​សំណើ​របស់​ភាគី​ជប៉ុន និង​សហរដ្ឋអាមេរិក គឺ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ (UN) នឹង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​នៅវេលា​ម៉ោង​១៥​រសៀល នា​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧​នេះ ដើម្បី​ពិភាក្សា​ពាក់ព័ន្ធ​នឹង​ការបាញ់​សាកល្បង​អាវុធ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង ។​

Image may contain: night, sky and outdoor

​សកម្មភាព​នៃ​ការបាញ់​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​របស់​ប្រទេស​កូរ៉េខាងជើង​រំលង​ប្រទេស​ជប៉ុន​ជា​លើក​ទី​២​នេះ គឺ​កើតឡើង​បន្ទាប់ពី​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​សម្រេច​ដាក់ទណ្ឌកម្ម​បន្ថែម​លើ​ប្រទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ និង​បន្ទាប់ពី​កូរ៉េខាងជើង​គំរាម​នា​ថ្ងៃ​ម្សិលមិញ​ថា នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​ជប៉ុន​ឲ្យ​លិច​ចូលទៅក្នុង​សមុទ្រ និង​អាមេរិក​ឲ្យ​ក្លាយទៅជា​ផេះផង់ ។

Image may contain: outdoor

​ប្រទេស​កូរ៉េខាងជើង​ធ្លាប់បាន​បាញ់​តេស្ត​សាកល្បង​អាវុធ​មី​ស៊ី​ល​ធុន Hwasong-12 របស់ខ្លួន​រំលង​ប្រទេស​ជប៉ុន​ជា​លើក​ទី​១​កាលពី​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៧ ដោយ​ហោះ​ក្នុង​រយៈ​ចម្ងាយ​ប្រមាណ​២ ៧០០​គីឡូម៉ែត្រ និង​រយៈកម្ពស់​៥៥០​គីឡូម៉ែត្រ​មុននឹង​ធ្លាក់​ចូលក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ចម្ងាយ​ពី​ចុង​កោះ Erino ប្រទេស​ជប៉ុន​ប្រមាណ​១ ១៨០​គីឡូម៉ែត្រ ។​

Image may contain: sky and outdoor

​ទោះយ៉ាងណា​ក៏ដោយ ប្រទេស​ជប៉ុន​មិនបាន​ប្រើប្រាស់​សិទ្ធិ​ក្នុង​ការបាញ់​ទម្លាក់អាវុធ​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ដែល​ហោះ​រំលង​ដែនអាកាស​ប្រទេស​ខ្លួន​នោះទេ ពីព្រោះ​ជប៉ុន​យល់ឃើញថា មិនមាន​បំណែក​អាវុធ​មី​ស៊ី​ល​ណាមួយ​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​របស់ខ្លួន ។

Image may contain: sky, mountain, outdoor and nature

​អ្នកវិភាគ​យុទ្ធសាស្ត្រ​យោធា​អន្តរជាតិ​បាន​លើកឡើងថា ប្រទេស​កូរ៉េខាងជើង​របស់​មេដឹកនាំ​វ័យក្មេង Kim Jong-un បាន និង​កំពុង​បំពេញ​មហិច្ឆតា​របស់ខ្លួន​ក្នុងការ​អភិវឌ្ឍ​អាវុធ​មី​ស៊ី​ល​ធុន Hwasong-14 ដែលជា​ប្រភេទ​អាវុធ​មី​ស៊ី​លបាញ់​ឆ្លង​ទ្វីប (ICBM) អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ​ពី​៦ ៧០០​គីឡូម៉ែត្រ​ទៅ ១០ ០០០​គីឡូម៉ែត្រ ខណៈ​អាវុធ​មី​ស៊ី​ល​ប្រភេទ​នេះ​ធ្លាប់បាន​បាញ់​តេស្ត​សាកល្បង​លើក​ទី​១​ប្រកបដោយ​ជោគជ័យ​រួចមកហើយ​កាលពី​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៧​កន្លងទៅ ៕​

Image may contain: sky, outdoor and nature

Filed in: Feature, អន្តរជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.