គេហទំព័រសារព័ត៌មាន Independent របស់អង់គ្លេសបានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧នេះដោយដកស្រង់ពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានឲ្យដឹងថា ព្រោះតែប្រទេសជប៉ុន និងសហរដ្ឋអាមេរិកគាំទ្រសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មបន្ថែមលើប្រទេសកូរ៉េខាងជើងក្នុងសំណុំរឿងកម្មវិធីអាវុធនុយក្លេអ៊ែរនោះ កូរ៉េខាងជើងបានគំរាមវាយប្រហារដោយអាវុធនុយក្លេអ៊ែររបស់ខ្លួនដើម្បីពន្លិចប្រទេសជប៉ុនឲ្យចូលទៅក្នុងសមុទ្រ និងសហរដ្ឋអាមេរិកក្លាយទៅជាផេះផង់ងងឹតសូន្យសុង ។
គណៈកម្មាធិការសន្តិភាពអាស៊ី-ប៉ាស៊ីហ្វិក របស់ទីក្រុង Pyongyang ប្រទេសកូរ៉េខាងជើងបានហៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា គឺជាឧបករណ៍បីសាច (Tool of Evil) ធ្វើតាមការបញ្ជារបស់សហរដ្ឋអាមេរិក និងក៏ស្នើឲ្យមានការវាយបំបែកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនេះផងដែរ ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បានផ្សព្វផ្សាយឲ្យដឹងថា កោះចំនួន៤នៃប្រជុំកោះរបស់ប្រទេសជប៉ុនត្រូវតែលិចចូលទៅក្នុងសមុទ្រដោយគ្រាប់បែកនុយក្លេអ៊ែរ Juche ។ ប្រទេសជប៉ុនមិនចាំបាច់លេចខ្លួននៅក្បែរពួកយើងទៀតទេ ។
គួររំលឹកជូនថា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ កូរ៉េខាងជើងបានបាញ់មីស៊ីលរំលងប្រទេសជប៉ុនរួចធ្លាក់ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក មានរយៈចម្ងាយប្រមាណ២ ៧០០គីឡូម៉ែត្រ និងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ កូរ៉េខាងជើងក៏បានបំផ្ទុះតេស្តសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែន (H-Bombs) របស់ខ្លួនប្រកបដោយជោគជ័យថែមទៀត ។
អំពើគឃ្លើនក្នុងកម្មវិធីអាវុធមីស៊ីល និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងម្តងហើយម្តងទៀតនេះបានជំរុញឲ្យបណ្តាប្រទេសទាំង១៥ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រេចជាឯកច្ឆន្ទដាក់ទណ្ឌកម្មបន្ថែមទៅលើប្រទេសកូរ៉េខាងជើង ជាអាទិ៍ បិទមិនឲ្យនាំចេញនូវផលិតផលវាយនភណ្ឌរបស់កូរ៉េខាងជើង និងដាក់កម្រិតការផ្គត់ផ្គង់ប្រេងឥន្ធនៈឲ្យទៅកូរ៉េខាងជើង ៕