ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

មេរៀន​ជូរចត់​រឿង​ប្រឡង​បាក់​ឌុប ! ក្រសួង​ហាក់​មើលរំលង​ការ​លួង​ចិត្ត និង​អារម្មណ៍​សិស្ស​ធ្លាក់​បាក់​ឌុប​រហូតដល់​មានការ​បាត់បង់​ជីវិត​គួរ​សោកស្តាយ​

លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​បានប្រកាស​ឲ្យ​ដឹង​ចប់សព្វគ្រប់​រួចរាល់​ហើយ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពីថ្ងៃ​ទី​១០-១១ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ គឺមាន​សិស្ស​ជាប់​បាក់​ឌុប​ចំនួន​៦៣ ៦៦៨​នាក់ និង​សិស្ស​ធ្លាក់​បាក់​ឌុប​ចំនួន​៣៦ ០៦០​នាក់ (​ក្នុងនោះ​សិស្ស​ជាប់​បាក់​ឌុប​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន​៣៤ ២៣៤​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន​២៩ ៤៣៤​នាក់​) ។​

​ក្រោយ​លទ្ធផល​នៃ​ការប្រឡង​បាក់​ឌុប​ត្រូវបាន​ប្រកាស​មានការ​កត់សម្គាល់​ឃើញថា វប្បធម៌​សង្គម​ខ្មែរ​តែងតែមាន​សកម្មភាព​លើកទឹកចិត្ត​ភ្លូកទឹកភ្លូកដី​ចំពោះ​សិស្ស​ដែល​ប្រឡង​ជាប់ ជាពិសេស​បេក្ខជន​ទទួលបាន​និទ្ទេស A ។ សូម្បី Page របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ហៅ​បុរស​ខ្លាំង​ជា​នាយករដ្ឋមន្ត្រី​ក៏បាន​ផ្តោតអារម្មណ៍​ខ្លាំង​ទៅលើ​បេក្ខជន​ប្រឡង​ជាប់​និទ្ទេស A ដែរ ខណៈ​សម្រាប់​បេក្ខជន​ដែល​ប្រឡង​ធ្លាក់​ចំនួន​ជាង​៣​ម៉ឺន​នាក់​ស្មើនឹង​៣៦,១៦​ភាគរយ​នៃ​បេក្ខជន​វត្តមាន​សរុប គឺ​មិន​ត្រូវបាន​ក្រសួង​អប់រំ យុវជន និង​កីឡា​ប្រើ​ចិត្តសាស្ត្រ​លួងលោម​ចិត្ត និង​អារម្មណ៍​បន្តិច​ណា​ឡើយ ។ មានន័យថា នាំគ្នា​អបអរសាទរ និង​លើកទឹកចិត្ត​តែ​ទៅលើ​អ្នក​ប្រឡង​ជាប់​ដែល​បាន និង​កំពុង​ទទួល​នូវ​អា​ម្មណ៍​សប្បាយរីករាយ​នឹង​លទ្ធផល​ប្រឡង​ស្រាប់​ប៉ុណ្ណោះ ។​

​ភាពខ្វះខាត ឬ​ភាព​មើលរំលង​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​លើ​ការ​លួង​ចិត្ត និង​អារម្មណ៍​ចំពោះ​សិស្ស​ធ្លាក់​បាក់​ឌុប​បែបនេះហើយ ទើប​បណ្តាល​ឲ្យ​សិស្សស្រី​ម្នាក់​ឈ្មោះ អោក សុភាព អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ទួល ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល សិក្សា​នៅ​វិទ្យាល័យ​ហ៊ុន សែន អង្គស្នួល ដែល​ប្រឡង​ធ្លាក់​បាក់​ឌុប​សម្រេចចិត្ត​ចងក​សម្លាប់ខ្លួន​គួរ​ឲ្យ​សោកស្តាយ​កាលពី​វេលា​ម៉ោង​១៩ និង​១៥​នាទី​ថ្ងៃទី​១០​ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ ព្រមទាំង​ក៏​អាចមាន​សិស្ស​ធ្លាក់​បាក់​ឌុប​ដទៃទៀត​បាក់​ទឹកចិត្ត​រហូត​ចាក​ចេញពី​ផ្ទះសម្បែង​សេពគប់​ក្នុង​អំពើ​អបាយមុខ​ផ្សេងៗ ជាពិសេស​គ្រឿងញៀន​… បង្ក​ផលប៉ះពាល់​ដល់​សាមីខ្លួន ក្រុមគ្រួសារ និង​សង្គមជាតិ ខណៈ​មាន​មជ្ឈដ្ឋាន​មួយចំនួន​បាន​ត្រឹម​ចោទប្រកាន់ ឬ​បន្ទោស​ថា «​គិត​ខ្លី​» ទៅវិញ ។

​ពិតជា​គួរ​សង្វេគ​ណាស់​នៅពេលដែល​សិស្សស្រី​ប្រឡង​បាក់​ឌុប​ធ្លាក់​ឈ្មោះ អោក សុភាព (​មាន​ឪពុក​ឈ្មោះ សយ អោក អាយុ​៥២​ឆ្នាំ មុខរបរ​ជាងកង់ និង​ម្តាយ​ឈ្មោះ ឈុំ ឡឹង អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ​) និង​ជា​អ្នកលេង Facebook ម្នាក់​ផង ដោយ​ប្រើប្រាស់ Account ឈ្មោះ «Ork Sopheap» មុនពេល​សម្រេចចិត្ត​ធ្វើអត្តឃាត​ដោយ​ចងក​នៅ​គេហដ្ឋាន​នាង​ផ្ទាល់​បន្ទាប់ពី​ដឹង​លទ្ធផល​នៃ​ការប្រឡង​ធ្លាក់​បាន Post ក្នុង Timeline របស់​នាង និង Tag បញ្ជូន​ទៅកាន់​មិត្តភក្តិ​របស់​នាង​ចំនួន​៥ Accounts ផ្សេងទៀត​នា​វេលា​ម៉ោង​១៩ និង​១១​នាទី ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៧ មាន​ខ្លឹមសារ​ថា «​ម្ចាស់ Acc នេះ​ឃ្លាត​ពី​មិត្ត​ទាំងអស់គ្នា​ហើយ​​ » ។

​ប្រភពព័ត៌មាន​ពី​ក្រុមគ្រួសារ និង​មិត្តភក្តិ​របស់​សិស្សស្រី​ធ្លាក់​បាក់​ឌុប​ឈ្មោះ អោក សុភាព បាន​ឲ្យ​ដឹងថា នាង​ជា​សិស្ស​ម្នាក់​ព្យាយាម​រៀនសូត្រ​ណាស់ និង​មាន​ចរិត​សុភាពរាបសា​ស្លូតបូត​ទៀតផង ។ នាង​បំណង​ចង់​បន្ត​ការសិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល (​ចង់​រៀន​ពេទ្យ​) ប៉ុន្តែ​លទ្ធផល​នៃ​ការប្រឡង​ធ្លាក់​បាក់​ឌុប​របស់​នាង​បានធ្វើ​ឲ្យ​នាង​ខកចិត្ត​យ៉ាងខ្លាំង​ទើប​ធ្វើ​ឲ្យ​នាង​ស​ម្រេ​ចិត្ត​ធ្វើអត្តឃាត​ដ៏​គួរ​ឲ្យ​សោកស្តាយ​បំផុត ។

​មជ្ឈដ្ឋាន​បញ្ញវន្ត​ជាច្រើន​នាក់​បាន​បញ្ចេញ​មតិយោបល់​ថា រៀងរាល់​សម័យ​ប្រឡង​បាក់​ឌុប គឺមាន​សិស្ស​ប្រឡង​ធ្លាក់ និង​សិស្ស​ប្រឡង​ជាប់​និទ្ទេស D និង E មិនតិច​នាក់​ឡើយ​បាន​សម្តែង​នូវ​ការមិន​អស់ចិត្ត​និង​លទ្ធផល​ដែល​ខ្លួន​ទទួលបាន​ហើយ​ចង់​ធ្វើ​ការតវ៉ា​ដើម្បី​ចង់ដឹង​ការពិត​អំពី​ពិន្ទុ​របស់ខ្លួន ប៉ុន្តែ​នីតិវិធី​បើកផ្លូវ​តវ៉ា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅមាន​ភាពស្មុគស្មាញ​ខ្លាំង​ជាហេតុ​ធ្វើ​បណ្តា​បេក្ខជន​ទាំងនោះ​ពិបាក​សម្រេចចិត្ត និង​ឈានទៅដល់​ការលះបង់​ក្នុង​ការតវ៉ា ។

​ក្រុម​បញ្ញវន្ត​ដដែល​បានលើកឡើង​ទៀតថា ការ​លួង​ចិត្ត និង​អារម្មណ៍​ដល់​សិស្ស​ប្រឡង​ធ្លាក់​បាក់​ឌុប គឺជា​រឿង​ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា មិនត្រូវ​មើលរំលង​ឡើយ ហើយ​ត្រូវ​បង្កលក្ខណៈ​ឲ្យ​កាន់តែ​ងាយស្រួល សម្រាប់​សិស្ស​ធ្វើការ​តវ៉ា​នឹង​លទ្ធផល​ប្រឡង ។ លទ្ធផល​នៃ​ការតវ៉ា​របស់​សិស្ស គឺអាច​ធ្វើតាម​ប្រព័ន្ធ Online ក៏បាន​ដោយ​គ្រាន់តែ​តម្រូវ​ឲ្យ​សិស្ស​ប្រាប់​ឈ្មោះ ភេទ លេខ​តុ លេខ​បន្ទប់ មណ្ឌល​ប្រឡង និង​ថ្នាក់​មុខវិជ្ជា​ត្រូវ​ជ្រើសរើស​សម្រាប់​ការប្រឡង​… ពោល​មិនចាំបាច់​តម្រូវ​ឲ្យ​សិស្ស​ដាក់ពាក្យ​តវ៉ា​នឹង​លទ្ធផល​ប្រឡង​មកដល់​ទីស្តីការក្រសួង​អប់រំ យុវជន និង​កីឡា​ឯ​រាជធានី​ភ្នំពេញ​នោះទេ ។ ដំណាក់កាល​នៃ​ការតវ៉ា​របស់​សិស្ស គឺអាច​កាត់បន្ថយ​បាន​យ៉ាងច្រើន​ចំពោះ​ហានិភ័យ​ផ្សេងៗ​នៅពេលដែល​សិស្ស​កំពុង​បាក់​ទឹកចិត្ត តួយ៉ាង​មេរៀន​ជូរចត់​មួយ​រហូត​បង្ក​ឲ្យ​មានការ​បាត់បង់​ជីវិត​សិស្សស្រី​ធ្លាក់​បាក់​ឌុប​ម្នាក់នេះ​ស្រាប់ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.