សារព័ត៌មាន Sputnik របស់រុស្ស៊ី បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ ដោយដកស្រង់សម្តីរបស់លោក Recep Tayyip Erdogan ប្រធានាធិបតីប្រទេសតួកគី ផ្តល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុក ឲ្យដឹងថា កិច្ចព្រមព្រៀងស្តីពីការទិញ និងប្រគល់ប្រព័ន្ធមីស៊ីលការពារដែនអាកាសធុន S-400 របស់រុស្ស៊ី រវាងតួកគី និងរុស្ស៊ី បានចុះហត្ថលេខា និងបង់ថ្លៃទូទាត់រួចហើយ ។
កាលពីខែកក្កដា ឆ្នាំ២០១៧កន្លងទៅ ប្រទេសតួកគី បានដាក់សំណើបញ្ជាទិញអាវុធមីស៊ីលការពារដែនអាកាសធុន S-400 ពីប្រទេសរុស្ស៊ី ក្នុងទំហំទឹកប្រាក់សរុប រហូតដល់ទៅប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក ខណៈការដាក់សំណើបញ្ជាទិញអាវុធរបស់តួកគី ពីប្រទេសរុស្ស៊ី បានធ្វើឲ្យសហរដ្ឋអាមេរិក បញ្ចេញប្រតិកម្មស្នើឲ្យតួកគីបកស្រាយឲ្យច្បាស់លាស់អំពីការទិញអាវុធនេះ ពីព្រោះតួកគី ជាសមាជិកអង្គការ NATO ហើយច្បាប់មូលដ្ឋានរបស់អង្គការ NATO គឺតម្រូវឲ្យសហការគ្នាក្នុងរង្វង់សម្ព័ន្ធភាព NATO លើវិស័យសព្វាវុធ ។
ការសម្រេចិត្តចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងស្តីពីការទិញ និងប្រគល់អាវុធមីស៊ីលធុន S-400 របស់រុស្ស៊ីផ្គត់ផ្គង់ដោយក្រុមហ៊ុន Rosoboronexport រវាងតួកគី និងរុស្ស៊ី គឺបានបង្ហាញឲ្យឃើញថា តួកគី ដែលជាប្រទេសសមាជិកអង្គការ NATO សម្ព័ន្ធមិត្តជាមួយអាមេរិក លែងខ្វល់អំពីអាមេរិក និងងាករេពីអាមេរិក ហើយ ក្នុងរឿងទិញសព្វាវុធដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន ។
អាវុធមីស៊ីលធុន S-400 ដែលជាប្រព័ន្ធខែលមីស៊ីលការពារដែនអាកាស និងអង្គការ NATO ហៅថា « SA-21 Growler » គឺជាសព្វាវុធផលិតដោយប្រទេសរុស្ស៊ី ដាក់ឲ្យប្រើប្រាស់នាអំឡុងឆ្នាំ២០០៧ មានចំនួនប្រមាណ ២០០ប្រព័ន្ធ និងក្នុងមួយប្រព័ន្ធមានតម្លៃប្រមាណ ៤០០លានដុល្លារអាមេរិក ។ មីស៊ីលប្រភេទនេះអាចវាយប្រហារគោលដៅនៅលើអាកាសដូចជា មីស៊ីលផ្លោងឆ្លងទ្វីប ( ICBM ) និងយន្តហោះចម្បាំង ក្នុងរង្វង់ប្រតិបត្តិការចម្ងាយប្រមាណ ៤០០គីឡូម៉ែត្រ ជាមួយនឹងល្បឿនប្រមាណ ១៧ ០០០គីឡូម៉ែត្រ ក្នុង១ម៉ោង ៕