គេហទំព័រសារព័ត៌មាន CNN បានផ្សព្វផ្សាយឲ្យដឹងថា ធនាគាកណ្តាល Bundesbank របស់អាល្លឺម៉ង់បានប្រកាសកាលពីចុងខែសីហា ឆ្នាំ២០១៧កន្លងទៅនឹងចាត់ចែងប្រមូល និងដឹកជញ្ជូនមាសទម្ងន់៣៧៤តោនពីទីក្រុង Paris ប្រទេសបារាំង និងទម្ងន់៣០០តោនពីទីក្រុង New York សហរដ្ឋអាមេរិក ដែលមានតម្លៃគិតជាទឹកប្រាក់ប្រមាណ៣១ពាន់លានដុល្លារអាមេរិក បញ្ជូនមកកាន់ឃ្លាំងនៅក្នុងប្រទេសវិញឲ្យបានរួចរាល់នៅមុនឆ្នាំ២០២០ខាងមុខ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីឆ្នាំ២០១៦កន្លងទៅ មាសទម្ងន់២១៦តោនក្នុងនោះទម្ងន់១១១តោនរក្សាទុកនៅប្រទេសបារាំង និងទម្ងន់១០៥តោនរក្សាទុកនៅសហរដ្ឋអាមេរិកត្រូវបានអាល្លឺម៉ង់ចាត់ចែងបញ្ជូនមករក្សាទុកនៅទីក្រុង Frankfurt របស់ខ្លួនវិញហើយ ។
ធនាគារកណ្តាលអាល្លឺម៉ង់បានប្រកាសឲ្យដឹងទៀតថា យ៉ាងយូរបំផុតនៅត្រឹមឆ្នាំ២០២០ខាងមុខ មាសចំនួនពាក់កណ្តាលរបស់អាល្លឺម៉ង់ដែលរក្សាទុកនៅក្រៅប្រទេសស្មើនឹង៣ ៣៨៧តោននឹងត្រូវបញ្ជូនត្រឡប់មកកាន់ប្រទេសវិញ ខណៈអាល្លឺម៉ង់បានប្រមូលយកមាសមកចូលក្នុងប្រទេសវិញចាប់ផ្តើមកាលពីអំឡុងឆ្នាំ២០១៣មក ។
កាលពីសម័យសង្គ្រាមត្រជាក់ (Cold War) អាល្លឺម៉ង់បានធ្វើការលាក់ទុកមាសជាច្រើននៅក្រៅប្រទេសរួមមាន៖ សហរដ្ឋអាមេរិក(ប្រមាណ១ ២៣៦តោន) អង់គ្លេស (ប្រមាណ៤៣២តោន) និងនៅប្រទេសបារាំងជាដើម ។
បច្ចុប្បន្ន អាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់ជាប្រទេសលំដាប់ទី២លើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកដែលបានរក្សាទុកមាសច្រើនជាងគេរហូតដល់ចំនួន២៧៩ ០០០ដុំ និងមានតម្លៃជាទឹកប្រាក់ប្រមាណ១២០ពាន់លានអឺរ៉ូ ៕