ប្រភពស្និទ្ធនឹងសេតវិមាន (White House) ដែលដកស្រង់ផ្សព្វផ្សាយដោយសារព័ត៌មាន Newsmax របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump បានដាក់បញ្ជាឲ្យកងកម្លាំងទាហានអាមេរិកបាញ់ទម្លាក់រាល់អាវុធមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងទាំងអស់ដែលរំលោភដែនអាកាសអាមេរិក ជាពិសេសទីបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅកោះ Guam ។ បទបញ្ជារបស់លោក Donald Trump បែបនេះគឺបានកើតមានឡើងបន្ទាប់ពីលោក Kim Jong-un មេដឹកនាំកូរ៉េខាងជើងគំរាមបាញ់អាវុធមីស៊ីលឆ្លងទ្វីប (ICBM) សំដៅកម្ទេចមូលដ្ឋានទ័ពអាមេរិកនៅកោះ Guam ។
លើសពីនេះ ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា លោក Donald Trump ក៏កំពុងថ្លឹងថ្លែងផងដែរចំពោះវិធានការបាញ់ទម្លាក់អាវុធមីស៊ីលរបស់ប្រទេសកូរ៉េខាងជើងដែលបានបាញ់ផ្លោះរំលងដែនអាកាសរបស់ប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ដែលជាប្រទេសសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ។
លោក John Bolton អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិ (UN) បានថ្លែងប្រាប់សារព័ត៌មាន Newsmax ឲ្យដឹងថា អាមេរិកគប្បីចាត់វិធានការ និងធ្វើសកម្មភាពដើម្បីការពារប្រទេសកូរ៉េខាងត្បូង និងជប៉ុន ដែលជាប្រទេស «រងគ្រោះថ្នាក់» ដោយសារការគំរាមកំហែងខាងអាវុធមីស៊ីលរបស់ប្រទេសកូរ៉េខាងជើង ។
ក្នុងន័យត្រៀមជើងការទប់ទល់នឹងការគំរាមកំហែងរបស់ប្រទេសកូរ៉េខាងជើងនោះ សហរដ្ឋអាមេរិកបានចាត់បញ្ជូននាវាចម្បាំងពហុមុខងារឈ្មោះ USS Wasp ជាមួយក្រុមយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបធុន F-35B របស់ខ្លួនទៅជិតឧបទ្វីបកូរ៉េរួចជាស្រេចហើយ ។
នារយៈពេលចុងក្រោយនេះ ប្រទេសកូរ៉េខាងជើងបានព្យាយាមធ្វើតេស្តសាកល្បងនូវអាវុធមីស៊ីល និងគ្រាប់បែកអ៊ីដ្រូហ្សែន (H-Bombs ) ម្តងហើយម្តងទៀតយ៉ាងគឃ្លើនទោះបីឋិតក្រោមសម្ពាធទណ្ឌកម្មពីមហាអំណាចអាមេរិក និងសម្ព័ន្ធមិត្ត ព្រមទាំងអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ ជាអាទិ៍ ៖ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧កូរ៉េខាងជើងបានបាញ់មីស៊ីលរំលងប្រទេសជប៉ុនរួចទៅធ្លាក់ក្នុងមហាសមុទ្រប៉ាស៊ីហ្វិកមានរយៈចម្ងាយប្រមាណ២ ៧០០គីឡូម៉ែត្រ និងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅថ្មីៗ កូរ៉េខាងជើងបានធ្វើតេស្តសាកល្បងគ្រាប់បែកអ៊ីដ្រូហ្សែន (H-Bombs) ប្រកបដោយជោគជ័យថែមទៀត ។
អ្នកវិភាគយុទ្ធសាស្ត្រយោធាអន្តរជាតិបានលើកឡើងថា ចម្ងាយពីប្រទេសកូរ៉េខាងជើងទៅមូលដ្ឋានទ័ពអាមេរិកនៅកោះ Guam ប្រមាណ៣ ៤៣០គីឡូម៉ែត្រដែលសមត្ថភាពអាវុធមីស៊ីលកូរ៉េខាងជើងសព្វថ្ងៃមិនទាន់អាចវាយប្រហារដល់នៅឡើយ ប៉ុន្តែតាមកម្រិតនៃការព្យាយាមអភិវឌ្ឍន៍កម្មវិធីអាវុធមីស៊ីលរបស់កូរ៉េខាងជើងជាលំដាប់នោះ គឺនៅថ្ងៃខាងមុខឆាប់ៗ សមត្ថភាពអាវុធមីស៊ីលកូរ៉េខាងជើងនឹងអាចវាយប្រហារដល់កោះ Guam របស់អាមេរិកតែម្តង ៕