ថ្ងៃ អង្គារ ទី ១៩ ខែ តុលា ឆ្នាំ ២០២១

ផ្អើល​ដល់​បរទេស​ហើយ ! សហភាព​អឺរ៉ុប (EU) ថ្លែងការណ៍​ជំរុញ​អាជ្ញាធរ​កម្ពុជា​អនុញ្ញាត​ឲ្យ​កាសែត The Cambodia Daily ដំណើរការ​ឡើងវិញ​

​កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧​កន្លងទៅ​ថ្មីៗ សហភាព​អឺរ៉ុប​ក្នុងស្រុក (Local EU) បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ស្តីពី​ការបិទ​សារព័ត៌មាន The Cambodia Daily ដោយបាន​ចាត់ទុកថា ការបិទ​ដោយ​បង្ខំ​នូវ​សារព័ត៌មាន The Cambodia Daily គឺជា​ការប៉ះពាល់​ធ្ងន់ធ្ងរ​ទៅដល់​ភាព​ចម្រុះ​នៃ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ប្រទេស​កម្ពុជា ។

​សេចក្តីថ្លែងការណ៍​រប​ស់​សហភាព​អឺរ៉ុប​បាន​បញ្ជាក់ថា «​យើង​រំពឹងថា អាជ្ញាធរ​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​សារព័ត៌មាន The Cambodia Daily និង​អង្គភាព​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​រង​ការប៉ះពាល់​ផ្សេងៗ​ទៀត​អាច​ដំណើរការ​ឡើងវិញ និង​បន្ត​ប្រតិបត្តិការ​របស់ខ្លួន​បាន ។ ទន្ទឹមនឹងនេះ បញ្ហា​បង់ពន្ធដារ និង​បញ្ហា​ផ្សេងៗ​ទៀត​ត្រូវ​ដោះស្រាយ​តាមរយៈ​ដំណើរការ​តាមច្បាប់​សមស្រប​ណាមួយ ។​» ។

​សារព័ត៌មាន The Cambodia Daily បាន​បិទទ្វារ​លែង​ដំណើរការ​ចាប់តាំងពី​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០១៧​បន្ទាប់ពី​សារព័ត៌មាន​នេះ​ផ្តល់​សេវា​ព័ត៌មាន​ដល់​ពលរដ្ឋ​កម្ពុជា​ទាំង​ភាសា​ខ្មែរ ទាំង​ភាសា​អង់គ្លេស ក្រោម​បាវចនា «​រាល់​ដំណឹង​ទាំងអស់​គ្មាន​ការភ័យខ្លាច ឬ​លម្អៀង​» អស់​រយៈពេល​២៤​ឆ្នាំ និង​១៥​ថ្ងៃ​រួចមក និង​ខណៈ​សារព័ត៌មាន​នេះ​បាន​ប្រឈម​ទៅនឹង​បំណុល​ពន្ធដារ​រយៈពេល​១០​ឆ្នាំ (​ពី​ឆ្នាំ​២០០៧​ដល់​ឆ្នាំ​២០១៦) ចំនួន​ជាង​៦​លាន​ដុល្លារ​អាមេរិក ។

​បច្ចុប្បន្ន អ្នកគ្រប់គ្រង​ក្រុមហ៊ុន Bernard Krisher Jimusho Co.,Ltd. ដែលជា​ក្រុមហ៊ុន​ដំណើរការ​បោះពុម្ពផ្សាយ​សារព័ត៌មាន The Cambodia Daily ព្រមទាំង​ចាងហ្វាង​សារព័ត៌មាន The Cambodia Daily ត្រូវបាន​អគ្គនាយកដ្ឋាន​ពន្ធដារ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដាក់ពាក្យ​ប្តឹង​ពីបទ​គេចវេះ​ពន្ធ និង​ការប្រព្រឹត្ត​អំពើ​រាំងស្ទះ​ដល់​ការអនុវត្ត​បទ​ប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​

Filed in: Feature, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

  • © ២០១៣ រក្សាសិទ្ធិដោយ​សារព័ត៌មាន​ដើមត្នោត.Tel ៖ 011 728 471 / 015 868 753.E-mail ៖ deumtnotnews@gmail.com
    ដើមត្នោត​​ ចាត់ទុក​ជា​រុក្ខជាតិ​និមិត្តរូបជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះរាជក្រឹត្យ​លេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១​ ខែមីនា ឆ្នាំ២០០៥
    ចូលរួម​ការពារ​ និង​ លើក​តម្លៃ​ដើមត្នោត​ ដើម្បី​រក្សា​នូវ​កេរ​ដំណែល​នៃ​មរតក​ធម្មជាតិ​ជានិមិត្តរូប​ជាតិ និង​ ដើម្បី​ការអភិវឌ្ឍសេដ្ឋកិច្ច​ជាតិ
    Proudly designed by Theme Junkie.